ក្រុមហ៊ុន Tesla ប្រមូលរថយន្តជាង ៩ពាន់គ្រឿងចូលឃ្លាំងវិញ ក្រោយខ្លាចមានបញ្ហាគ្រោះថ្នាក់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានចេញរបាយការណ៍ជូនដំណឹងទៅកាន់ម្ចាស់រថយន្តម៉ូដែល X ប្រមាណ ៩ ១០០គ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ថានឹងមានការប្រមូលរថយន្តចូលឃ្លាំងវិញ បន្ទាប់ពីខ្លាចមានបញ្ហាដាច់របូតបំណែកគ្រឿងបង្គុំតុបតែងលើដំបូលរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយថា ការប្រមូលសារនេះ គឺផ្តោតជាសំខាន់ទៅលើរថយន្ត Tesla ម៉ូដែល X ស៊េរីឆ្នាំ២០១៦ ក្រោមហេតុផលដោយសារតែបំណែកគ្រឿងបង្គុំតុបតែងលើដំបូលផ្នែកខាងមុខ និងផ្នែកកណ្តាលរថយន្ត អាចត្រូវបានបិទដោយគ្មានសារធាតុ Primer ដែលវាអាចធ្លាក់ចេញពីរថយន្ត បង្កើតជាហានិភ័យ បង្កជាគ្រោះថ្នាក់ចរាចរណ៍នាពេលបើកបរ។

នៅពេលដែលរថយន្តចូលមកកាន់ឃ្លាំងវិញ ក្រុមហ៊ុនដែលមានលោក Elon Musk ជាស្ថាបនិក នឹងធ្វើការសាកល្បងភាពស្អិតជាប់នៃការបំពាក់ប្រដាប់តុបតែងលើដំបូលរថយន្តនោះសាជាថ្មី ដោយមិនមានគិតកម្រៃអ្វីពីម្ចាស់រថយន្តឡើយ។ ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានដឹងពីរបាយការណ៍ និងការអះអាងប្រហែល ១៧០ប្រភព ទាក់ទងនឹងបញ្ហានេះ ប៉ុន្តែ Tesla មិនមានរបាយការណ៍ណាមួយ ដែលរាយការណ៍ថាបានជួបការរបូតធ្លាក់ ឬរងរបួសទាក់ទងនឹងបញ្ហាមួយនេះឡើយ។

សូមជម្រាបជូនផងដែរថា ផ្អែកតាម Bizzycar បានឲ្យដឹងថា នៅរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤​ ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចូលឃ្លាំងវិញដល់ទៅជិត ២,៦លានគ្រឿង តាមពីក្រោយក្រុមហ៊ុន Ford Motor ដែលប្រមូលរថយន្តមកច្រើនលើសគេលើសឯងដល់ទៅប្រហែល ៣,៦លានគ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក៕