និយតករទីផ្សារឥណ្ឌា បានប្រកាសកាលពីយប់ថ្ងៃទី២២ ខែសីហា ថា លោក Anil Ambani ដែលត្រូវជាប្អូនបង្កើតរបស់កំពូលអ្នកមានបំផុតនៅអាស៊ី លោក Mukesh Ambani ត្រូវបានហាមឃាត់ មិនឲ្យលូកលាន់ចូលទីផ្សារមូលបត្ររយៈពេល ៥ឆ្នាំ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Anil ត្រូវបាននិយតករផាកពិន័យជាទឹកប្រាក់ ២៥០លានរូពី ឬប្រមាណ ៣លានដុល្លារ និងបានចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធនឹងករណីកេងបន្លំទឹកប្រាក់ ពីក្រុមហ៊ុន Reliance Home Finance Ltd។
និយតករទីផ្សារឥណ្ឌា ក៏បានបន្ថែមទៀតថា ការក្លែងបន្លំរបស់លោក Anil គឺជាការដកប្រាក់ពីក្រុមហ៊ុន Reliance Home ក្នុងរបៀបជាប្រាក់កម្ចី ទៅកាន់បុគ្គលមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុនធំៗ មានសិទ្ធសម្រេចនៅក្នុងក្រុមហ៊ុនមួយនេះ។
សូមជម្រាបដែរថា ទាក់ទងនឹងបញ្ហាមួយនេះ ក្រុមហ៊ុន Reliance Home Finance Ltd មិនបានចេញមុខបកស្រាយអ្វីឡើយ តែក្រោយបែកធ្លាយដំណឹងមួយនេះ តម្លៃហ៊ុនរបស់ពួកគេមានការធ្លាក់ចុះប្រហែល ៥%៕