នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះ ក្រុមប៉ូលីសបានធ្វើការបញ្ជាក់ថា លោក Mike Lynch ដែលជាមហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអង់គ្លេស និងជាម្ចាស់នាវាដែលបានលិចបាត់ក្បែរឆ្នេរសមុទ្រប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ ស្ថិតក្នុងចំណោមមនុស្ស ៥ នាក់ផ្សេងទៀតដែលបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលកូនស្រីវ័យ ១៨ឆ្នាំរបស់លោក នៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
មនុស្សយន្តរុករកក្រោមទឹករបស់ក្រុមឆ្មាំសមុទ្រអ៊ីតាលី និងក្រុមអ្នកមុជទឹកមកពីនាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលី បានរកឃើញសាកសពមនុស្សពីរនាក់បន្ថែមទៀត ដោយក្នុងនោះក៏រួមមានទាំងសាកសពរបស់លោក Mike Lynch វ័យ ៥៩ឆ្នាំ ផងដែរ។
គួរឲ្យដឹងថា នាវាខ្នាតយក្សអង់គ្លេសប្រវែង ៥៦ ម៉ែត្រ ដែលមានឈ្មោះថា Bayesian បានលិចចូលទៅក្នុងទឹកកាលពីព្រឹកថ្ងៃចន្ទ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ នៅប្រហែល ២០ គីឡូម៉ែត្រ ពីឆ្នេរ Palermo ប្រទេសអ៊ីតាលី។ ក្រោយហេតុការណ៍លិចភ្លាមៗមនុស្ស ១៥ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណ: ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន។
ក្នុងចំណោមអ្នកស្លាប់នោះមានលោក Recaldo Thomas ដែលជាចុងភៅរបស់នាវា ដោយសាកសពរបស់លោកត្រូវបានរកឃើញប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការលិចនាវា។ កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សាកសពពីរនាក់ផ្សេងទៀតត្រូវបានគេរកឃើញ ទោះបីជាអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។
យោងតាមរបាយការណ៍ក្នុងស្រុកបន្ថែមឲ្យដឹងទៀតថា ព្រះរាជអាជ្ញាបានចាប់ផ្តើមបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយបានហៅសាក្សីជាច្រើនរួមទាំងប្រធានក្រុមនាវា លោក James Cutfield មកសាកសួរនាំបន្ថែម។
ជម្រាបជូនថា លោក Michael Lynch គឺជាពាណិជ្ជករជនជាតិអង់គ្លេសដ៏ល្បីឈ្មោះម្នាក់ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងខ្លាំង អំឡុងពេលដែលលោកបានលក់ក្រុមហ៊ុនបច្ចេកវិទ្យា Autonomy Corporation កាលពីឆ្នាំ២០១១ ហើយបើតាមការចុះផ្សាយពី Sunday Times Rich បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤ ទ្រព្យសម្បត្តិសរុបរបស់លោក Michael មានចំនួនសរុបជាង ៦៥០លានដុល្លារ ដែលធ្វើឲ្យលោក ជាប់ចំណាត់ថ្នាក់លេខ ២៨៦ ក្នុងចំណោមកំពូលអ្នកមានបំផុតចំនួន ៣៥០ នាក់៕