Amazon ​ប្រកាសបោះទុនជាង ៦ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅម៉ាឡេស៊ី

អន្តរជាតិ

នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បាននិយាយថា ក្រុមហ៊ុន Amazon Web Services (AWS) ថ្មីៗនេះ បានប្រកាសបោះទុនវិនិយោគប្រហែល ៦,២ពាន់លានដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់រយ:ពេលដ៏វែងមួយ ដោយនេះហាក់បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ពួកគេ ទៅលើស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន AWS ដែលជាផ្នែកមួយនៃក្រុមហ៊ុនមេ Amazon គ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា AWS Asia Pacific (Malaysia) ជាមួយនឹងផែនការវិនិយោគជាង ៦ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣៨។

ទន្ទឹមនឹងនេះ AWS បាននិយាយថា ចាប់ពីថ្ងៃទី២២ ខែសីហា ក្រុមអ្នកអភិវឌ្ឍ អ្នកចាប់ផ្តើមអាជីវកម្ម សហគ្រិន និងសហគ្រាស ក៏ដូចជារដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញ នឹងមានជម្រើសកាន់តែច្រើនសម្រាប់ការដំណើរការកម្មវិធីរបស់ពួកគេ ជាមួយមជ្ឈមណ្ឌលផ្ទុកទិន្នន័យចុងក្រោយបង្អស់របស់ AWS ដែលមានទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី។

គួរឲ្យដឹងថា ការសាងសង់ និងប្រតិបត្តិការនៃមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីរបស់ AWS នេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងបន្ថែមទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ាឡេស៊ី ហើយនឹងបង្កើតការងារជាមធ្យមជាង ៣ ៥០០ ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៣៨៕