កាលពីថ្ងៃទី២៥ ខែសីហា មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង បន្ទាប់ពីលោកបានចុះចតនៅប្រលានយន្តហោះ Le Bourget នៃទីក្រុងប៉ារីស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមការអះអាងពីក្រុមប៉ូលិសបានឲ្យដឹងថា ការចាប់ខ្លួនមហាសេដ្ឋីមានសញ្ជាតិបារាំង និងអារ៉ាប់រូមនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមទៅលើក្រុមហ៊ុន Telegram ទាក់ទិននឹងករណីរីកសុះសាយនៃឧក្រិដ្ឋកម្ម បណ្ដាលមកពីកង្វះខាតការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប៉ូលិស។
ក្រោយផ្ទុះករណីចាប់ខ្លួនមហាសេដ្ឋីរូបនេះ រដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាកំពូលអ្នកមានបំផុតលើលោក Elon Musk ក៏បានចេញមុខរិះគន់លើអាជ្ញាធរបារាំង ដោយអះអាងថា សេរីភាពក្នុងការបញ្ចេញមតិនៅតំបន់អឺរ៉ុប កំពុងត្រូវបានបាត់បង់ម្ដងបន្តិចៗហើយ។
សូមជម្រាបដែរថា ក្រុមហ៊ុន Telegram ក៏បានចេញមកប្រតិកម្មភ្លាមៗ ដោយបានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនមានអ្វីលាក់បាំង ហើយក៏មិនបានល្មើសច្បាប់ដោយប្រការណាមួយឡើយ ខណៈការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនបែបនេះ គឺជាទង្វើមួយដែលមិនអាចទទួលយកបានទាល់តែសោះ៕