អគ្គលេខាធិការនៃរដ្ឋសភាវៀតណាម លោក Bui Van Cuong បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែសីហាថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់វៀតណាម នឹងត្រូវធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា នាខែតុលាខាងមុខ ដោយយោងតាមសេចក្តីសម្រេចចិត្តរបស់បក្សកាន់អំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ក្នុងអំឡុងជំនួបជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែសីហា អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានប្រកាសថា សម័យប្រជុំរដ្ឋសភា ដែលត្រូវធ្វើឡើងក្នុងខែតុលាខាងមុខ នឹងដំណើរការតែងតាំងមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ថ្មី។
គួរឲ្យដឹងថា រដ្ឋសភាវៀតណាម កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៣រូប និងបានបណ្តេញឧបនាយករដ្ឋមន្ត្រី ២រូបចេញពីតំណែង នៅក្នុងកិច្ចប្រជុំវិសាមញ្ញពេញមួយថ្ងៃរបស់ខ្លួន ធ្វើឡើងនៅក្នុងទីក្រុងហាណូយ។
ជម្រាបជូនថា បច្ចុប្បន្ន លោក To Lam កំពុងកាន់តំណែងដល់ទៅ២ គឺជាប្រមុខបក្សផង និងប្រធានរដ្ឋផង ខណ:បើតាមសារព័ត៌មានធំៗបានដកស្រង់សម្តីមន្ត្រីវៀតណាម និងបរទេសមួយចំនួនដែលនិយាយថា លោក To Lam នឹងចុះចេញពីតំណែងជាប្រធានាធិបតី នៅពេលដែលរដ្ឋសភាជួបប្រជុំម្តងទៀត ក្នុងខែតុលា ដើម្បីផ្តោតតែលើការងាររបស់អគ្គលេខាធិការបក្សរបស់ខ្លួន៕