រដ្ឋាភិបាលហូឡង់ ផាកពិន័យក្រុមហ៊ុន Uber ជាង ៣០០លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យព័ត៌មានផ្ទាល់ខ្លួន

អន្តរជាតិ

យោងតាម​សារព័ត៌មាន​ DPA របស់ហូឡង់ បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែសីហាថា ក្រុមហ៊ុនហៅឡានតាក់ស៊ីដ៏ល្បីល្បាញរបស់ពិភពលោក Uber ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២៩០លានអឺរ៉ូ (៣២៤លានដុល្លារ) នៅក្នុងប្រទេសហូឡង់ ជុំវិញការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកបរតាក់ស៊ី ទៅកាន់សហរដ្ឋអាមេរិក ដោយនេះជាការបំពានច្បាប់ធ្ងន់ធ្ងររបស់សហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​សារព័ត៌មាន​ដដែលនេះ បាននិយាយទៀតថា ក្រុមហ៊ុន Uber បានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីនៅអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ហើយមិនបានការពារទិន្នន័យនេះឲ្យបានត្រឹមត្រូវនោះឡើយ ដោយនេះបានបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិផ្នែកការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុប ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Uber លោក Caspar Nixon បានប្រាប់ទៅកាន់សារព័ត៌មាន Reuters តាមរយ:អ៊ីមែលមួយថា ការសម្រេចចិត្តនេះពិតជាខុសទាំងស្រុង ហើយការផាកពិន័យជាវិសាមញ្ញនេះ គឺមិនសមហេតុផលនោះឡើយ។ ដំណើរការផ្ទេរទិន្នន័យឆ្លងដែនរបស់ Uber គឺអនុលោមតាមច្បាប់ GDPR។ យើងនឹងដាក់ពាក្យតវ៉ា ហើយនៅតែមានទំនុកចិត្តថាយើងនឹងឈ្នះលើរឿងក្តីនេះ”។

ជម្រាបជូនថា ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បានធ្វើឡើង​ដោយ​ពាក្យ​បណ្តឹង​របស់​អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​បារាំង​ម្នាក់ ខណ:និយតករការពារទិន្នន័យជាតិរបស់បារាំង ហៅកាត់ CNIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួនបានសហការជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែលក្រុមហ៊ុន Uber មានទីស្នាក់ការកណ្តាលចម្បងនៅទីនោះ៕