Samsung ចាប់ដៃគ្នាជាមួយ GM សាងសង់រោងចក្រផលិតអាគុយរថយន្ត EV តម្លៃជាង ៣ពាន់លានដុល្លារ នៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Samsung SDI ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនមេ Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី២៨ ខែសីហានេះថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន General Motors (GM) ដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីរួមគ្នា នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Samsung SDI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយ:កិច្ចព្រមព្រៀងខាងលើក្រុមហ៊ុនទាំងពីរនឹងបោះទុនវិនិយោគទឹកប្រាក់ប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្ត EV ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ២៧ ជីហ្គាវ៉ាត់ម៉ោង (Gwh) ។

គួរឲ្យដឹងថា ផែនការនេះត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០២៣ មកម្លេះ នៅពេលដែលក្រុមហ៊ុន GM និង Samsung SDI បាននិយាយថាការបណ្តាក់ទុនរួមគ្នានឹងត្រូវចំណាយសរុបជាង ៣ពាន់លានដុល្លារ ជាមួយនឹងសមត្ថភាពផលិត ៣០ GWh ដែលបានគ្រោងទុក ហើយប្រតិបត្តិការនឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៦។

ជម្រាបជូនទៀតផងដែរថា បើតាមក្រុមហ៊ុនផលិតអាគុយខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung SDI បាននិយាយនៅថ្ងៃពុធនេះថារោងចក្ររួមគ្នានេះ មានគោលបំណងផលិតអាគុយទ្រង់ទ្រាយធំ នៅឆ្នាំ២០២៧ ហើយសមត្ថភាពប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៦ GWh ក្រោមផែនការពង្រីកចុងក្រោយបង្អស់៕