ក្រុមហ៊ុនខ្នាតយក្សអាមេរិក IBM ប្រកាសបិទមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួន ក្នុងប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក IBM បានបញ្ជាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា នឹងបិទមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួន នៅក្នុងប្រទេសចិន ខណ:ការប្រកាសនេះបានធ្វើឲ្យប៉ះពាល់ដល់ការងាររាប់ពាន់កន្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គលិកជាច្រើននាក់បានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ពួកគេត្រូវបានក្រុមហ៊ុនជូនដំណឹងក្នុងអំឡុងពេលកិច្ចប្រជុំខ្លីមួយ ជាមួយនាយកប្រតិបត្តិអាមេរិក កាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងសម្រេចដកក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួន នៅក្នុងប្រទេសចិនចេញ ហើយនឹងផ្លាស់ប្តូរទីតាំងប្រតិបត្តិការលើផ្នែកនេះ ទៅកាន់ប្រទេសណាមួយផ្សេងទៀត។

ទន្ទឹមនឹងនេះ ក្រុមបុគ្គលិករបស់ក្រុមហ៊ុន IBM បាននិយាយទៀតថាការងារជាង ១ ពាន់កន្លែង នៅក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ ហើយវាមិនច្បាស់ថាក្រុមហ៊ុននឹងសម្រេចផ្លាស់ទីតាំងប្រតិបត្តិការរបស់ខ្លួន នៅកន្លែងណានោះទេ។

ជម្រាបជូនថា ជុំវិញការកាត់បន្ថយនេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិកជាច្រើន នៅក្នុងប្រទេសចិន បានត្អូញត្អែរកាន់តែខ្លាំងអំពីអ្វីដែលពួកគេមើលឃើញថាជាបរិយាកាសធុរកិច្ចមិនយុត្តិធម៌ ជាមួយនឹងការការពារមានកម្រិតចំពោះកម្មសិទ្ធិបញ្ញា និងការផ្តល់ការអនុគ្រោះផ្សេងៗដល់ដៃគូប្រកួតប្រជែងនៅក្នុងស្រុក៕