កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋី Mark Zuckerberg កំពុងប្រឈមមុខជាមួយការបង់ពិន័យ ជាទឹកប្រាក់ប្រហែល ៣,៦លានដុល្លារនៅប្រទេសប្រេស៊ីល បន្ទាប់ពីចាញ់ក្ដីជាមួយក្រុមហ៊ុន Havan នៅទីនោះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Havan ដែលមានបណ្ដាញហាងលក់ទំនិញជាច្រើននៅប្រេស៊ីល បានប្ដឹងទៅលើក្រុមហ៊ុន Meta ជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយ ដោយប្រើប្រាស់ម៉ាកយីហោរបស់ខ្លួន និងបានធ្វើឲ្យអតិថិជនមានការយល់ច្រឡំ ហើយថែមទាំងឈានដល់ការចាញ់បោកគេថែមទៀត។
ទន្ទឹមនឹងនោះ តុលាការនៃរដ្ឋ Santa Catarina ក៏បានបញ្ជាឲ្យក្រុមហ៊ុន Meta លុបចោលនូវការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយទាំងនោះ ក្នុងរយៈពេល ៤៨ម៉ោង បើមិនដូច្នោះទេ ក្រុមហ៊ុនមហាសេដ្ឋីអាមេរិកនេះ នឹងរងការផាកពិន័យបន្ថែមរាប់លានដុល្លារទៀត។
សូមជម្រាបដែរថា មកទល់ពេលនេះ ក្រុមហ៊ុន Meta នៅមិនទាន់ធ្វើការឆ្លើយតបអ្វីឡើយ ដោយតុលាការបានបញ្ជាក់ថា ពួកគេអាចធ្វើការប្ដឹងឧទ្ធរណ៍វិញបាន ចំពោះដីការសម្រេចមួយនេះ៕