ក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលចិន BYD បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី២ ប្រហែល ៩ពាន់លានយ៉ន់ ឬ ១,៣ពាន់លានដុល្លារ កើនឡើងជិត ៣៣% បើធៀបនឹងឆ្នាំមុន បើទោះជាក្រុមហ៊ុនលក់រថយន្តបញ្ចុះតម្លៃជាច្រើនម៉ឺនគ្រឿង។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ទីផ្សាររថយន្តអគ្គិសនីនៅចិន កំពុងមានការប្រកួតប្រជែងតម្លៃជាខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនឈានមុខគេមួយនេះ ត្រូវធ្វើការបញ្ចុះតម្លៃរថយន្តរយៈពេលប៉ុន្មានសប្ដាហ៍ជាប់ៗគ្នា។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន BYD ក៏កំពុងប្រឈមមុខជាមួយបញ្ហាដ៏ធំមួយទៀត គឺការនាំចេញរថយន្តទៅកាន់សហភាពអឺរ៉ុប និងលោកខាងលិច ដោយបច្ចុប្បន្នរដ្ឋាភិបាលប្រទេសទាំងនោះ កំពុងព្យាយាមដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីច្រើនជាងមុន ដែលធ្វើឲ្យ BYD អាចនឹងខាតបង់ចំណូលមួយកម្រិតបន្ថែមទៀត។
សូមជម្រាបដែរថា ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនរថយន្តមានមូលធនទីផ្សារធំបំផុតលើលោកទី៣ និងធំបំផុតនៅប្រទេសចិន ជាមួយតម្លៃប្រហែល ៩១ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះ គឺជាគូប្រជែងខ្លាំងបំផុតរបស់ក្រុមហ៊ុន Tesla លើទីផ្សាររថយន្តអគ្គិសនីផងដែរ៕