ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីពេលថ្មីៗនេះ បាននិងកំពុងស្វែងរកការគាំទ្រពីប្រទេសម៉ាឡេស៊ី ដើម្បីស្នើសុំចូលរួមជាសមាជិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ជុំវិញការស្នើសុំនេះ ត្រូវបានធ្វើឡើង អំឡុងពេលលោក Yunus បានជួបពិភាក្សាគ្នាជាមួយស្នងការជាន់ខ្ពស់ម៉ាឡេស៊ី ប្រចាំនៅប្រទេសបង់ក្លាដែស លោកស្រី Haznah Md Hashim នៅក្នុងទីក្រុង Dhaka កាលពីថ្ងៃពុធ ទី២៨ ខែសីហាកន្លងទៅ។
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរូបនេះ បាននិយាយទៀតថា ប្រទេសបង់ក្លាដែសអាចជាស្ពានមួយរវាងអាស៊ាន និង សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ (SAARC) ប្រសិនបើពួកគេអាចចូលរួមជាសមាជិកថ្មីរបស់អាស៊ាននោះ។
ជាការឆ្លើយតប ស្នងការជាន់ខ្ពស់ម៉ាឡេស៊ី លោកស្រី Haznah ដែលជិតចាកចេញពីប្រទេសបង់ក្លាដែស នៅពេលបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់លោកស្រី បានបញ្ជាក់ថា ម៉ាឡេស៊ី ដែលគ្រោងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៥ នឹងបញ្ជូនសំណើរបស់លោក Yunus ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ហើយលោកស្រីក៏បានបង្ហាញពីឆន្ទៈរបស់ម៉ាឡេស៊ី ក្នុងការសហការជាមួយរដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយលោក Yunus ផងដែរ។
ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន លោកYunus ដែលមានតួនាទីស្មើនឹងនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងបង់ក្លាដែស និងម៉ាឡេស៊ី ហើយបាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោកស្រី Haznah បាននិយាយទៀតថាក្រុមហ៊ុនម៉ាឡេស៊ី បានវិនិយោគក្នុងចំនួនទឹកប្រាក់ ៥ពាន់លានដុល្លារ នៅបង់ក្លាដែស ហើយពួកគេនឹងបន្តបោះទុនវិនិយោគបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Sangbad Sangstha ៕