ក្រុមគ្រួសារមហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសឥណ្ឌា Gautam Adani គ្រោងនឹងលក់ភាគហ៊ុនដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីរបស់ពួកគេ ដើម្បីផ្តល់មូលនិធិដល់ការពង្រីកក្រុមហ៊ុនមេ Adani Group បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
ថា្នក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមួយក្រុមបានប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមគ្រួសារមហាសេដ្ឋីឥណ្ឌានេះ កំពុងពិចារណាលក់ភាគហ៊ុនចន្លោះពី ០,៥% ទៅ ៣% នៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីជាច្រើន តាមរយ:ការគ្រប់គ្រងផលប័ត្រ និងតុល្យភាព។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន គ្រួសារ Adani បានលក់ភាគហ៊ុនដែលមានតម្លៃ ៥០០លានដុល្លារនៅក្នុងក្រុមហ៊ុន Ambuja Cements ដែលជាក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំជាងគេបំផុតទីពីរ នៅក្នុងប្រទេសឥណ្ឌា។
គ្រួសារនេះ ក៏គ្រោងនឹងដកភាគហ៊ុនរបស់ខ្លួនដែលមានតម្លៃដល់ទៅជាង ៩០០លានដុល្លារ ពីក្រុមហ៊ុន Adani Power ដែលជាក្រុមហ៊ុនផលិតអគ្គិសនីឯកជនធំជាងគេ នៅក្នុងប្រទេសផងដែរ។
ជារួមមក ក្រុមហ៊ុន Adani Group កំពុងស្វែងរកការលក់ភាគហ៊ុនដែលមានតម្លៃសរុបដល់ទៅ ៣,៦ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែខាងមុខនេះ។ នេះបើយោងតាមកាសែត The Economic Times ។
ជម្រាបជូនថា បច្ចុប្បន្នក្រុមគ្រួសាររបស់ Adani មានទ្រព្យសម្បត្តិសរុបប្រហែល ១២៥ពាន់លានដុល្លារ រួមជាមួយភាគហ៊ុនទទួលបានពីក្រុមហ៊ុនចំនួន១០ ដែលត្រូវបានជួញដូរជាសាធារណៈ៕