ប្រាក់ចំណេញក្រុមហ៊ុនអចលនទ្រព្យចិនមួយ ថយចុះ ៩៩% ខាតលុយជាង ៣ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិនមួយ គឺក្រុមហ៊ុន Shimao បានប្រកាសពីការខាតបង់ធំបំផុតមិនធ្លាប់មាន ប្រមាណ ២២,៧ពាន់លានយ៉ន់ ឬប្រហែល ៣,២ពាន់លានដុល្លារ ក្រោយប្រាក់ចំណេញនាឆមាសទីមួយ មានការថយចុះ ៩៩%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ប្រាក់ចំណេញប្រចាំឆមាសទីមួយ របស់ក្រុមហ៊ុន Shimao ទទួលបានត្រឹម ១៥លានយ៉ន់ប៉ុណ្ណោះ ខណៈចំនួនមួយនេះ គឺតិចជាងឆ្នាំមុនរហូតដល់ ៩៩% ពោលធ្លាប់ទទួលបានជាង ៣ពាន់លានយ៉ន់ កាលពីឆ្នាំ២០២៣។

បន្ថែមពីនោះ ប្រាក់ចំណូលដែលកាត់កងការចាយវាយផ្សេងៗ របស់ក្រុមហ៊ុនចិននេះ ក៏មានការធ្លាក់ចុះខ្លាំង ក្នុងរយៈពេលដូចគ្នានោះផងដែរ ដោយវាបានថយចុះពី ១០,៣% មកនៅត្រឹម ០,១% ប៉ុណ្ណោះ ស្របពេលការចាយវាយលើការជួលដី និងការសាងសង់ បែរជាកើនឡើងខ្លាំងទៅវិញ។

សូមជម្រាបដែរថា ដោយសារស្ថានភាពទីផ្សារអចលនទ្រព្យនៅចិន កំពុងស្ថិតនៅក្នុងសភាពលំបាកលំបិននៅឡើយ ដូច្នេះហើយក្រុមហ៊ុនធំៗ ដែលកំពុងរកស៊ីលើវិស័យមួយនេះ តែងតែជួបប្រទះនូវព្យុះភ្លៀងឥតឈប់ឈរ ខណៈរដ្ឋាភិបាលក៏កំពុងខ្នះខ្នែង ស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះផងដែរ៕