ក្រុមហ៊ុនកំពូលចិន PDD Holdings កំពុងជួបប្រទះការខាតបង់ផ្ទួនៗ ដោយតម្លៃហ៊ុនរបស់ពួកគេបានដាំក្បាលចុះ ដល់ទៅ ៣៣% នៅក្នុងសប្ដាហ៍នេះ ខណៈវាកំពុងបង្កហានិភ័យ ដល់មូលនិធិការពារហានិភ័យរបស់ក្រុមវិនិយោគិនជាច្រើន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានអះអាងថា មូលនិធិការពារហានិភ័យ អាចនឹងខាតបង់លុយដល់ ៤ពាន់លានដុល្លារ ពីការថយចុះនៃតម្លៃភាគហ៊ុនរបស់ PDD ដ្បិតប៉ុន្មានខែចុងក្រោយ ពួកគេបានសម្រុកទិញភាគហ៊ុនក្រុមហ៊ុនចិនមួយនេះ រហូតដល់ជិត ១០៣លានហ៊ុន។
គួររំលឹកបន្តិចថា មូលនិធិការពារហានិភ័យ គឺជាមូលនិធិវិនិយោគរួមគ្នារបស់ក្រុមវិនិយោគិនមួយចំនួន ដែលបង្កើតឡើងតាមរយៈការប្រើបច្ចេកទេសជួញដូរស្មុគស្មាញ និងការគ្រប់គ្រងហានិភ័យ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការវិនិយោគផងដែរ។
សូមជម្រាបដែរថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PDD យ៉ាងសម្បើមបែបនេះ បានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រមាណ ៥៥ពាន់លានដុល្លារ ខណៈស្ថាបនិក និងជាមហាសេដ្ឋី Colin Huang ក៏របូតតំណែងជាកំពូលអ្នកមានបំផុតនៅចិនថែមទៀត៕