Tesla ប្រកាសប្រមូលរថយន្តចូលឃ្លាំងវិញជិត ១ពាន់គ្រឿង នៅក្នុងប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានប្រកាសថាខ្លួនកំពុងប្រមូលថយន្តអគ្គិសនីម៉ូដែល X ជិត ១ ពាន់គ្រឿង ដែលបាននាំចូលទៅក្នុងប្រទេសចិន ត្រលប់មកកាន់ឃ្លាំងវិញ បន្ទាប់ពីមានការព្រួយបារម្ភទៅលើបញ្ហាសុវត្ថិភាពលើផ្នែកដំបូលរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររដ្ឋបាលសម្រាប់ការគ្រប់គ្រងផ្នែកទីផ្សារ (SAMR) របស់ប្រទេសចិន នៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងប្រមូលយករថយន្តម៉ូដែល X ស៊េរីឆ្នាំ២០១៦ ចំនួន ៨៧០ គ្រឿង ដែលបាននាំចូលទៅកាន់ប្រទេសចិន ត្រលប់មកវិញ។

គួរឲ្យដឹងថា ការប្រមូលយករថយន្តមកវិញសារនេះ គឺស្ថិតនៅក្រោមហេតុផលដោយសារតែបំណែកគ្រឿងបង្គុំតុបតែងលើដំបូលផ្នែកខាងមុខ និងផ្នែកកណ្តាលរថយន្ត អាចធ្លាក់ចេញពីរថយន្ត និងបង្កជាគ្រោះថ្នាក់នៅពេលបើកបរ ដោយសារតែថ្នាំស្អិត Primer ដែលបិទនៅលើដំបូលមិនគ្រប់គ្រាន់។

ក្រុមហ៊ុន Tesla នឹងត្រួតពិនិត្យរថយន្តដែលបានប្រមូលមកវិញ និងដំណើរការការធ្វើតេស្តឡើងវិញ នៅលើបន្ទះតុបតែងដំបូលដោយមិនគិតថ្លៃ ហើយប្រសិនបើវានៅតែបរាជ័យក្នុងការធ្វើតេស្តនោះ ក្រុមហ៊ុននឹងប្តូរដំបូលថ្មីជូន ហើយដំឡើងវាឡើងវិញជាមួយនឹងការប្រើប្រាស់ថ្នាំស្អិត Primer បន្ថែម។

ជម្រាបជូនផងដែរថា បើតាមក្រុមហ៊ុន Bizzycar ដែលជាអ្នកបង្កើតវេទិកាគ្រប់គ្រងការប្រមូលរថយន្ត មកជួសជុល បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តមកវិញជិត ២,៦លានគ្រឿង ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០២៤ នេះ តែចំនួននេះនៅទាបជាងក្រុមហ៊ុន Ford Motor ដែលបានប្រមូលរថយន្តប្រហែល ៣,៦លានគ្រឿង នៅក្នុងសហរដ្ឋអាមេរិក៕