ថៃ ខាតបង់លុយជិត ១៥លានដុល្លារ ដោយសារគ្រោះទឹកជំនន់នៅខាងភាគជើងប្រទេស

អន្តរជាតិ

រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ និងកីឡា លោក Sermsak Pongpanit រាយការណ៍ថា គ្រោះទឹកជំនន់ដែលកំពុងបន្តនៅភាគខាងជើងនៃប្រទេសថៃ បានបង្កការខូចខាតយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ដែលមានតម្លៃសរុបប្រហែល ១៤,៤លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sermsak បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ថាក្រសួងកំពុងតាមដានស្ថានភាពគ្រោះទឹកជំនន់នៅតំបន់ជាច្រើន ជាពិសេសខេត្តឈៀងរ៉ៃ ផាយ៉ាវ ណាន ប្រា សុខោថៃ និងអ៊ូតារ៉ាឌីត ។

រដ្ឋមន្ត្រីរូបនេះ ក៏បានបន្ថែមឲ្យដឹងទៀតថា ដោយសារតែគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បានកាត់បន្ថយចំនួនភ្ញៀវទេសចរជាង ៥៧ ​០០០ នាក់ ដែលនាំឲ្យការចំណាយលើទេសចរណ៍ធ្លាក់ចុះប្រហែល ៥,៨លានដុល្លារ។

ទន្ទឹមនឹងនេះ ជីវភាព​របស់​ប្រជាជនដែលបម្រើការក្នុងវិស័យ​ទេសចរណ៍​ចំនួន ៦២៨ នាក់ ​ក៏​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ ខណ:ទឹកជំនន់ និង​ការ​បាក់​ដី​ បាន​ធ្វើ​ឲ្យតំបន់​ទេសចរណ៍​មួយ​ចំនួន​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន។

ជុំវិញបញ្ហានេះ លោក Sermsak បាននិយាយថា ក្រសួង និងអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ បាននិងកំពុងរៀបចំផែនការស្តារទេសចរណ៍ នៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ឡើងវិញហើយ ដោយយុទ្ធសាស្ត្រទាំងនោះ រួមមានការផ្តល់សិទ្ធិពិសេសដោយក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋានដែលចូលរួម រួមជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តំបន់ដែលរងផលប៉ះពាល់ទាំងនោះវិញ៕