Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Malaysia Airlines បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហាកន្លងទៅថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរ ២០% រហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ ចំពេលមានការខ្វះខាតយន្តហោះ កម្លាំងពលកម្ម និងគ្រឿងបន្លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន MAG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយនេះ នឹងពាក់ព័ន្ធជាមួយជើងហោះហើរនៅក្នុងស្រុក ក៏ដូចជាជើងហោះហើរក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងជើង អូស្ត្រាលី នូវែលសេឡង់ ចិន អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។
មិនតែប៉ុណ្ណោះ និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ក៏បានប្រកាសកាត់បន្ថយថិរវេលាវិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍របស់ក្រុមហ៊ុន Malaysia Airlines ពីរយ:ពេល ៣ឆ្នាំ មកត្រឹមតែ ១ឆ្នាំវិញ បន្ទាប់ពីមានការស៊ើបអង្កេតដែលបានរកឃើញបញ្ហាបច្ចេកទេសសំខាន់ៗ នៅក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ រួមទាំងកង្វះកម្លាំងពលកម្មជំនាញ និងផ្នែកមេកានិច។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន MAG បាននិយាយថា ការកាត់បន្ថយនេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែការផ្តោតអារម្មណ៍សំខាន់របស់យើង គឺផ្តល់អាទិភាពដល់អតិថិជនជាមុនសិន ដោយធានាថាយើងអាចផ្តល់កាលវិភាគហោះហើរដែលអាចទុកចិត្តបាន និងធានាបាននូវបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់អតិថិជនរបស់យើង៕