ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Vanke ប្រកាសខាតលុយ ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានលំដាប់កំពូលរបស់ចិន Vanke បានប្រកាសពីការខាតបង់ទឹកប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់​នៅក្នុងត្រីមាសទី១ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហាកន្លងទៅ ខណៈពេលដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនេះ កំពុងប្រឈមនឹងវិបត្តិរួមផ្សំជាច្រើនដូចជាការធ្លាក់ចុះនៃការលក់ផ្ទះជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនឯកទេសផ្នែកអចលនទ្រព្យ CRIC បានបង្ហាញឲ្យដឹងថា Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍដ៏ធំបំផុតលដាប់ទីពីរ នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន​ ដែលទាក់ទងនឹងចំនួននៃការលក់។

ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននេះ បានរាយការណ៍ពីការខាតបង់សុទ្ធរបស់ខ្លួនចំនួន ៩,៩ពាន់លានយ៉ន់ (១,៤ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលបានបញ្ចប់កាលពីថ្ងៃ​ទី៣០ ខែមិថុនា។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់ក្រុមហ៊ុនដែលបានដាក់ទៅកាន់ផ្សារហ៊ុនហុងកុង កាលពីថ្ងៃសុក្រម្សិលមិញ។

នៅក្នុង​ឯកសារដដែលនោះក្រុមហ៊ុន Vanke បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការស្ដារឡើងវិញនូវទំនុកចិត្តរបស់អ្នកស្រុក ក្នុងការទិញផ្ទះ ចំពេលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នៅតែបន្តប្រឈមមុខនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍមួយចំនួនជិតឈាននដល់ការប្រកាសក្ស័យធន និងតម្លៃអចលនទ្រព្យបន្តធ្លាក់ចុះ ដែលបានរារាំងដល់ការវិនិយោគនៅក្នុងប្រទេស៕