តុលាការកំពូលប្រេស៊ីល នឹងបោះឆ្នោតដើម្បីសម្រេចចុងក្រោយ ជុំវិញការបិទបណ្តាញសង្គម X

អន្តរជាតិ

តុលាការកំពូលរបស់ប្រទេសប្រេស៊ីល បានជ្រើសរើសយកថ្ងៃចន្ទ ទី២ ខែកញ្ញានេះ ដើម្បីបោះឆ្នោតសម្រេចថានឹងត្រូវបិទប្រព័ន្ធផ្សព្វផ្សាយសង្គម X ចោលទាំងស្រុង នៅក្នុងប្រទេសខ្លួនឬយ៉ាងណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅក្រមនៃតុលាការកំពូលរបស់ប្រទេសប្រេស៊ីល លោក Alexandre Moraes បានអំពាវនាវឲ្យមានការបោះឆ្នោតសម្រេចនេះ បន្ទាប់ពីបណ្តាញសង្គមរបស់មហាសេដ្ឋីលោក Elon Musk ត្រូវបានបិទជាបណ្តោះអាសន្ននៅក្នុងប្រទេសប្រេស៊ីល កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍កន្លងទៅ។

ជុំវិញការបិទបណ្តោះអាសន្ននេះ បានកើតឡើងបន្ទាប់ពីបណ្តាញសង្គម X បានបរាជ័យក្នុងការតែងតាំងអ្នកតំណាងស្របច្បាប់ថ្មីរបស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ឲ្យបានមុនពេលវេលា តាមការកំណត់ដោយតុលាការ បន្ទាប់ពីចៅក្រមបានបញ្ជាឲ្យផ្អាកគណនីរាប់សិប ក្រោមការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។

ជម្រាបជូនផងដែរថា X បានសម្រេចបិទការិយាល័យរបស់ខ្លួនក្នុងប្រទេសប្រេស៊ីល កាលពីខែមុន ដោយនិយាយថាតំណាងរបស់ខ្លួន ត្រូវបានរងការគំរាមកំហែងជាមួយនឹងការចាប់ខ្លួន ប្រសិនបើមិនព្រមគោរពតាមបញ្ជារបស់តុលាការកំពូលប្រេស៊ីលទេនោះ៕