យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញឲ្យដឹងថា សិង្ហបុរី ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទី២ នៅក្នុងតំបន់អាស៊ី ហើយក៏ជាលើកដំបូងដែលប្រទេសនេះទទួលបានការវាយតម្លៃខ្ពស់បំផុតបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញឲ្យដឹងទៀតថា ការវាយតម្លៃអំពីតម្លាភាពទីផ្សារអចលនទ្រព្យនេះ គឺត្រូវបានឡើងដោយការរួមបញ្ចូលទាំងទិន្នន័យបរិមាណ និងលទ្ធផលនៃការស្ទង់មតិក្នុងចំណោមប្រទេសចំនួន៨៩ និងទីក្រុងចំនួន១៥១ ជុំវិញពិភពលោក។
គួរឲ្យដឹងទៀតថា ការវាយតម្លៃនេះគឺផ្អែកលើកត្តាសំខាន់ៗចំនួន៦ រួមមានការអនុវត្ត គោលនយោបាយបទប្បញ្ញត្តិ និងច្បាប់ មូលដ្ឋានគ្រឹះទីផ្សារ ដំណើរការប្រតិបត្តិការអាជីវកម្ម អភិបាលកិច្ចសាជីវកម្ម និងកិច្ចខិតខំប្រឹងប្រែងធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។
ជុំវិញការវាយតម្លៃខ្ពស់របស់ប្រទេសសិង្ហបុរីដែលទទួលបាននៅឆ្នាំនេះ គឺដោយសារតែការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះនិរន្តរភាព និងការខិតខំប្រឹងប្រែងដើម្បីបង្កើនបច្ចេកវិទ្យា និងសេវាកម្មឌីជីថល។ នេះបើយោងតាមគេហទំព័រព័ត៌មានអចលនទ្រព្យ EdgeProp Singapore ។
ជម្រាបជូនថា នៅទូទាំងពិភពលោក ចក្រភពអង់គ្លេស គឺជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងឆ្នាំ២០២៤នេះ តាមពីក្រោយដោយប្រទេសបារាំង និងសហរដ្ឋអាមេរិក៕