ក្រុមហ៊ុនអាមេរិក HP បានប្រកាសកាលពីថ្ងៃទី០២ ខែកញ្ញាថា ពួកគេនឹងបន្តដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ ដើម្បីទាមទារសំណង ៤ពាន់លានដុល្លារ ពីគ្រួសារមហាសេដ្ឋីអង់គ្លេស Mike Lynch ដែលទើបទទួលអនិច្ចកម្មកាលពីខែសីហាកន្លងទៅ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន HP ចង់បានការប៉ះប៉ូវ ចំពោះការទិញយកក្រុមហ៊ុនពីគ្រួសារមហាសេដ្ឋីម្នាក់នេះ ដោយសាររកឃើញថាមានការរំលោភទំនុកចិត្ត និងករណីឆបោក អំពីកិច្ចកុងត្រាមួយនេះ។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុន HP បានទិញយកក្រុមហ៊ុនរបស់មហាសេដ្ឋី Mike Lynch ក្នុងទំហំទឹកប្រាក់ ១១ពាន់លានដុល្លារ តែរំលងបានមួយឆ្នាំ ក្រុមហ៊ុនអាមេរិករកឃើញថា មានករណីឆបោកទឹកប្រាក់ជាច្រើន នៅក្នុងក្រុមហ៊ុនរបស់អតីតមហាសេដ្ឋីអង់គ្លេសរូបនេះ។
រហូតដល់ឆ្នាំ២០២២ ក្រុមហ៊ុន HP បានយកឈ្នះក្ដីស៊ីវិល ជាមួយលោក Lynch តែតុលាការកំពូល បានបង្ហើបឲ្យដឹងថា ប្រាក់សំណងនាពេលនោះ គឺបានតិចតួចមែនទែន បើធៀបនឹងការទាមទារ ចំនួន ៥ពាន់លានដុល្លារ ពីក្រុមហ៊ុន HP៕