មហាសេដ្ឋី និងសហស្ថាបនិកមូលនិធិ Bill & Melinda Gates Goundation លោក Bill Gates នឹងធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ា នាថ្ងៃទី០៣ ខែកញ្ញានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន 9News។
ក្នុងដំណើរទស្សនកិច្ចមួយនេះ មហាសេដ្ឋីអាមេរិក នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល ក្រុមយុវជន និងដៃគូរកស៊ីមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហារាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសក្នុងទ្វីបអាហ្វ្រិក។
យោងតាមសេចក្តីថ្លែងការណ៍ លោក Gates នឹងផ្តោតលើការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាព កសិកម្ម ភាពក្រីក្រ និងអាហារូបត្ថម្ភនៅអាហ្វ្រិក ហើយលោកក៏នឹងជួបជាមួយអ្នកជំនាញផ្នែកថែទាំសុខភាពបឋម កសិកម្ម និងអាហារូបត្ថម្ភ ដែលកំពុងជំរុញឱ្យមានការរីកចម្រើននៅទូទាំងទ្វីប ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ។
សូមជម្រាបដែរថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០០ មក មូលនិធិ Bill & Melinda Gates បានគាំទ្រភាពជាដៃគូជាមួយស្ថាប័នក្នុងតំបន់អាហ្រ្វិក រដ្ឋាភិបាលជាតិ និងសហគមន៍មូលដ្ឋានទូទាំងប្រទេសចំនួន ៤៩ នៅទ្វីបអាហ្វ្រិក។ ភាពជាដៃគូទាំងនេះបានចូលរួមចំណែកផ្តល់មូលនិធិ និងជំនាញវិទ្យាសាស្ត្រ ដើម្បីគាំទ្ររបៀបវារៈផ្សេងៗសម្រាប់ការផ្លាស់ប្តូរ ជំរុញភាពជោគជ័យជាច្រើននៃសុខភាព កសិកម្ម សមភាព និងគំនិតផ្តួចផ្តើមប្រឆាំង នឹងភាពក្រីក្រនៅទូទាំងទ្វីបអាហ្វ្រិកទាំងមូល៕