នាយករដ្ឋមន្ត្រីថៃថ្មីដែលទើបឡើងកាន់តំណែង លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានជ្រើសរើសរួចរាល់ហើយ ដោយគ្រោងនឹងដាក់ជូនទៅកាន់ព្រះមហាក្សត្រ ដើម្បីយល់ព្រម នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
កន្លងមកមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី Paetongtarn ធ្លាប់បានបង្ហើបឲ្យដឹងថា គណៈរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីគួរតែអាចចូលកាន់តំណែង នៅត្រឹមពាក់កណ្តាលខែកញ្ញានេះ។
ទន្ទឹមនឹងនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា ក្នុងការបង្កើតរដ្ឋាភិបាលថ្មីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន នឹងត្រូវរក្សាទុកឲ្យនៅដដែល ប៉ុន្តែរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីថ្មីចំនួន ១១ នាក់ផ្សេងទៀត ទំនងជានឹងត្រូវរុះរើចេញ។
គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលថ្មីនេះ បានសម្រេចទម្លាក់គណបក្ស Palang Pracharath ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធា ចេញពីក្រុមចម្រុះរបស់ខ្លួន ហើយបានបន្ថែមគណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ជាសត្រូវចាស់ ចូលមកជំនួសវិញ។
ជម្រាបជូនថា បន្ទាប់ពីលោក Srettha Thavisin ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីជិត ១ខែមុន ដោយដីការបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ គណបក្សកាន់អំណាចភឿថៃ បានកោះប្រជុំភ្លាមៗ និងសម្រេចជ្រើសរើសយកមេដឹកនាំដែលគ្មានបទពិសោធរបស់ខ្លួន គឺលោកស្រី Paetongtarn ឲ្យឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីបន្ត នៅត្រឹមប៉ុន្មានថ្ងៃក្រោយ៕