មហាសេដ្ឋីហុងកុង Henry Cheng បានប្រកាសតែងតាំងកូនប្រុសទី០៤ ដែលមានឈ្មោះថា Christopher ជាសហនាយកប្រតិបត្តិ Co-CEO ប្រចាំក្រុមហ៊ុន North Asia Investments ចំពេលលេចលឺថា កំពុងមានចម្រូងចម្រាស់ក្នុងគ្រួសារ ជុំវិញបញ្ហាស្នងមរតក។
យោងតាមការចុះផ្សាយពីគេហទំព័រ Spears បានបង្ហាញថា មហាសេដ្ឋីវ័យ ៧៧ឆ្នាំរូបនេះ គឺមានកូនៗចំនួន ៦នាក់ ដោយក្បាលម៉ាស៊ីនធំៗក្នុងក្រុមហ៊ុន គឺសុទ្ធសឹងតែកាប់កាន់ ដោយសមាជិកគ្រួសាររបស់លោក យ៉ាងតិចណាស់ ៩នាក់។
ក្នុងនោះកូនប្រុសច្បង ដែលមានឈ្មោះថា Adrian គឺជា CEO នៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំ New World Development ស្របពេលកូនស្រីច្បង ឈ្មោះថា Sonia Cheng គឺជា CEO នៃក្រុមហ៊ុន Rosewood Hotel Group។
ការតែងតាំងកូនប្រុសទី០៤ ឲ្យក្លាយជាក្បាលម៉ាស៊ីន នៃក្រុមហ៊ុនធំមួយទៀត រឹតតែធ្វើឲ្យមានមន្ទិលសង្ស័យកាន់តែខ្ពស់ ជុំវិញបេក្ខភាពស្នងមរតករបស់មហាសេដ្ឋីហុងកុង ដែលមានទ្រព្យសម្បត្តិប្រហែល ២២ពាន់លានដុល្លារ ខណៈបច្ចុប្បន្នកំពូលអ្នកមានមួយរូបនេះ នៅតែជាក្បាលម៉ាស៊ីនធំ សម្រាប់អាជីវកម្មគ្រួសារនៅឡើយ ពោលមិនទាន់ប្រលែងការងារឲ្យកូនៗដាច់មុខនោះទេ៕