ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានបន្តលក់ភាគហ៊ុនក្នុងធនាគារកំពូលអាមេរិក Bank of America ជាបន្តបន្ទាប់ និងទទួលបានប្រាក់រាប់ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា តាំងពីពាក់កណ្ដាលខែកក្កដា រហូតដល់ដើមខែកញ្ញានេះ ក្រុមហ៊ុន Berkshire បានលក់ភាគហ៊ុនក្នុងធនាគារ BoA ប្រហែល ១៥០លានហ៊ុន និងទទួលបានប្រាក់ ៦,២ពាន់លានដុល្លារចូលហោប៉ៅរួចហើយ។
បើទោះជាបន្តលក់ភាគហ៊ុនអស់ច្រើនបែបនេះក្ដី ក៏ប៉ុន្តែក្រុមហ៊ុន Berkshire នៅតែជាម្ចាស់ភាគហ៊ុនធំបំផុត ប្រចាំធនាគារខ្នាតយក្សអាមេរិកមួយនេះ ដោយនៅសល់ភាគហ៊ុនប្រហែល ៨៨៣លានហ៊ុន សរុបជាទឹកប្រាក់ជិត ៣៦ពាន់លានដុល្លារ។
សូមជម្រាបដែរថា បិតាវិនិយោគិន Warren Buffett បានចាត់ទុកការវិនិយោគនៅក្នុងធនាគារកំពូលនេះ ជាផលចំណេញច្រើនបំផុតមួយរបស់ខ្លួន ដ្បិតកាលពីឆ្នាំ២០១១ រូបលោកបានចាយលុយត្រឹម ៥ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនទាំងនេះ ខណៈបច្ចុប្បន្នប្រាក់ចំណេញកើនឡើងសឹងតែស្មើ ១០ដងនៃទំហំវិនិយោគ៕