គិតមកទល់ពេលនេះ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov នៅមិនទាន់អាចមានសិទ្ធចាកចេញពីប្រទេសបារាំងនោះឡើយ រហូតដល់រឿងក្ដីក្ដាំរបស់លោក ត្រូវបានដោះស្រាយរួចរាល់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ជុំវិញរឿងរ៉ាវចាប់ខ្លួនមហាសេដ្ឋីរូបនេះ អង្គការសហប្រជាជាតិ ក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយបានលើកឡើងអំពីហានិភ័យ នៃការប៉ះទង្គិចលើសិទ្ធមនុស្ស។
អ្នកនាង Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្សប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា៖ ករណីនេះគឺជារឿងសាំញ៉ាំមែនទែន ដោយវាមានការប៉ះពាល់ដល់បញ្ហាសិទ្ធមនុស្សជាខ្លាំង។
សូមជម្រាបដែរថា ការចាប់ខ្លួនមហាសេដ្ឋីរូបនេះ បានធ្វើឲ្យមានការបញ្ចេញមតិជាច្រើន ជុំវិញការហាមឃាត់សិទ្ធមនុស្ស និងសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ តួយ៉ាងមេធំ Tesla មហាសេដ្ឋី Elon Musk ក៏បានបង្ហោះសារមួយដែរថា សិទ្ធសេរីភាពនៅតំបន់អឺរ៉ុប កំពុងទទួលរងការគំរាមកំហែងហើយ៕