ឥណ្ឌូណេស៊ី កំពុងសិក្សាលើគម្រោងក្នុងការទិញចូលអង្ករបន្ថែមទៀត ពីប្រទេសកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហារគ្រប់គ្រងដោយរដ្ឋឥណ្ឌូណេស៊ី Bulog កំពុងធ្វើការសិក្សាយ៉ាងស៊ីជម្រៅទៅលើផែនការក្នុងការទិញចូលអង្ករបន្ថែមទៀត ពីអ្នកផលិតស្រូវអង្ករស្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Bulog លោក Bayu Krisnamurthi បានបញ្ជូនក្រុមបច្ចេកទេស ទៅធ្វើការសិក្សាយ៉ាងយកចិត្តទុកដាក់ និងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។ ដោយភាគីពាក់ព័ន្ធទាំងនោះរួមមានអ្នកធុរកិច្ចកម្ពុជា និងប្រទេសជិតខាងដែលបានបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយកម្ពុជា ផងដែរ។

ទន្ទឹមនឹងនេះ លោក Krisnamurthi បានបញ្ជាក់បន្ថែមទៀតថា មានកត្តាចាំបាច់មួយចំនួនដែលក្រុមហ៊ុន Bulog របស់លោកនឹងត្រូវពិចារណាមុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញ ជាមួយក្រុមហ៊ុនស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិរូបនេះ បានសង្កត់ធ្ងន់ថា​ បញ្ហាទីមួយដែលត្រូវពិចារណា គឺសមត្ថភាព​ផលិត​អង្ករ​របស់​កម្ពុជា​នៅ​តែមាន​កម្រិត​តិចតួចនៅឡើយ ​បើ​ធៀប​នឹង​ប្រទេស​ផលិត​អង្ករ​ផ្សេង​ទៀត​ដូចជា​ប្រទេស​ថៃ និង​វៀតណាម។ ហើយចំពោះបញ្ហា​ទី​ពីរ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​កម្រិត​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ផលិត​ស្រូវ។

ជម្រាបជូនផងដែរថា កន្លងមកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឲ្យក្រុមហ៊ុន Bulog ទិញចូលអង្ករពីអ្នកផលិតជាច្រើន នៅក្នុងប្រទេសកម្ពុជា ដោយបញ្ជាក់ថាផែនការនេះ អាចនឹងជួយគាំទ្រដល់សន្តិសុខស្បៀងអាហារជាតិ និងធានាឲ្យមានស្តុកអង្ករគ្រប់គ្រាន់៕