ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា កំពុងឆ្ពោះទៅរកការចំណាយដល់ចំនួន ៥០ពាន់លានដុល្លារ ដើម្បីទិញឧបករណ៍ផលិតបន្ទះឈីប នៅឆ្នាំនេះ បើទោះបីជាបច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងដាក់សម្ពាធកាន់តែខ្លាំង ក្នុងការកាត់ផ្តាច់រដ្ឋាភិបាលទីក្រុងប៉េកាំងពីបច្ចេកវិទ្យាបន្ទះឈីប semiconductor កម្រិតខ្ពស់ក៏ដោយ។
តាមការប៉ាន់ស្មានមួយដោយសារព័ត៌មាន Nikkei Asia បានបង្ហាញឲ្យដឹងថា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតឡើង ក្រោយពីមានការប្រកួតប្រជែងគ្នានៅក្នុងប្រទេសចិនដើម្បីបង្កើតបន្ទះឈីបថ្មីៗ និងការការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសខ្លួន ពីការដាក់ទណ្ឌកម្មថ្មីពីសំណាក់សហរដ្ឋអាមេរិក។
ប្រភពសារព័ត៌មានខាងលើ បានរាយការណ៍ទៀតថា ការប្រកួតប្រជែងគ្នានេះបាននាំឲ្យប្រទេសចិន ចំណាយទឹកប្រាក់អស់ ២៥ពាន់លានដុល្លាររួចមកហើយ ទៅលើការទិញឧបករណ៍ផលិតបន្ទះឈីប នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ។
គួរឲ្យដឹងថាចំនួននេះ គឺច្រើនជាងការចំណាយរួមគ្នារបស់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក លើការទិញឧបករណ៍ផលិតបន្ទះឈីប ក្នុងអំឡុងពេលដូចគ្នាទៅទៀត។
ការកើនឡើងនៃការចំណាយដ៏ច្រើនបំផុតនេះ គឺស្របតាមយុទ្ធសាស្ត្រដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការចាក់បញ្ចូលលុបរាប់សិបពាន់លានដុល្លារ ទៅក្នុងឧបករណ៍បន្ទះឈីបអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាដ៏សំខាន់មួយដែលចិនចង់គ្រប់គ្រងការផលិតដោយខ្លួនឯងដល់ ៧០% នៅឆ្នាំក្រោយ។
ជម្រាបជូនថា ចំនួនទឹកប្រាក់វិនិយោគដ៏ច្រើននៅក្នុងការផលិតបន្ទះឈីបនេះ បានន័យថា ប្រទេសចិនឥឡូវនេះ ដើរយឺតជាងតែបីឆ្នាំប៉ុណ្ណោះ ពីក្រោយក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC នៅក្នុងសមត្ថភាពផលិតឈីប Semiconductor ៕