សហស្ថាបនិកមូលនិធិ Bill and Melinda Gates Foundation មហាសេដ្ឋី Bill Gates បានបញ្ជាក់ច្បាស់ៗថា ប្រទេសនីហ្សេរីយ៉ា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីមូលនិធិសប្បុរសធម៌របស់លោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nairametrics បានបង្ហាញថា អំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះ មហាសេដ្ឋីអាមេរិកបានសង្កត់ធ្ងន់ថា កញ្ចប់ជំនួយពីមូលនិធិ នឹងផ្ដល់ជូនដល់នីហ្សេរីយ៉ា ដើម្បីដោះស្រាយបញ្ហាវិសមភាពសុខភាពសកល។
ទន្ទឹមនឹងនោះ មហាសេដ្ឋី Bill Gates ក៏បានបង្ហើបដែរថា នឹងមានគម្រោងបង្កើនកញ្ចប់ជំនួយ ដល់ប្រទេសមួយនេះ ដែលផ្ដោតសំខាន់លើការពង្រឹងប្រព័ន្ធសុខភាព ដែលជាបញ្ហាចំបងនៅក្នុងប្រទេសនីហ្សេរីយ៉ា។
សូមជម្រាបដែរថា មូលនិធិសប្បុរសធម៌ របស់មហាសេដ្ឋីអាមេរិក បានប្រកាសផ្ដល់ជំនួយច្រើនជាង ៧ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៦ សម្រាប់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជា ភាពអត់ឃ្លាន ជំងឺ វិសមភាពយេនឌ័រ និងភាពក្រីក្រជាដើម៕