រដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរារាំងក្រុមហ៊ុនដែកជប៉ុន Nippon Steel ពីការទិញយកក្រុមហ៊ុនដែកកំពូលរបស់សហរដ្ឋអាមេរិក US Steel នៅក្នុងកិច្ចព្រមព្រៀងដ៏ធំមួយដែលមានតម្លៃរហូតដល់ទៅជិត ១៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយកាលពីពេលថ្មីៗនេះថា គណៈកម្មាធិការកំពុងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតទៅលើកិច្ចព្រមព្រៀងទិញលក់ខាងលើនេះ ស្របតាមហេតុផលសន្តិសុខជាតិ ខណ:កន្លងមកប្រធានាធិបតី លោក បៃដិន ធ្លាប់បាននិយាយថាក្រុមហ៊ុនដែកអាមេរិក គឹត្រូវតែជាកម្មសិទ្ធិរបស់អាមេរិក។
ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន US Steel បានចេញមុខព្រមានកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាកន្លងទៅថា ប្រសិនបើបរាជ័យក្នុងការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Nippon Steel នោះវានឹងធ្វើឲ្យការងាររាប់ពាន់កន្លែងរបស់ពលរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ ដោយសារតែការបិទកន្លែងស្លដែកមួយចំនួន ហើយថែមទាំងអាចឈានដល់ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនចេញពីរដ្ឋ Pennsylvania ដែលជាកន្លែងស្នូលសម្រាប់រដ្ឋាភិបាលក្នុងការធ្វើនយោបាយថែមទៀតផង។
គួរឲ្យដឹងថា គម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិករបស់ Nippon បានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ទាំងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដោយអនុប្រធានាធិបតី លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ បាននិយាយថាលោកស្រីចង់ឲ្យ US Steel នៅតែជាកម្មសិទ្ធិ និងធ្វើប្រតិបត្តិការដោយអាមេរិក ខណ:គូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ វិញក៏បានសន្យារារាំងកិច្ចព្រមព្រៀងនេះដ៏ទីបញ្ចប់ ប្រសិនបើលោកជាប់ឆ្នោត។
ជម្រាបជូនថា រដ្ឋ Pennsylvania គឺជាសមរភូមិដ៏សំខាន់មួយ ដែលអាចបង្ហាញពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំ២០២៤នេះ ខណ:បេក្ខភាពប្រធានាធិបតីរបស់បក្សទាំងពីរ គ្រោងមកធ្វើយុទ្ធនាការស្វែងរកសន្លឺកឆ្នោតរបស់ខ្លួនជាថ្មីម្តងទៀត នៅទីនោះ៕