ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Intel Corp ត្រូវគេរាយការណ៍មកថា បានផ្អាកគម្រោងវិនិយោគនៅក្នុងរោងចក្រវេចខ្ចប់ និងសាកល្បងបន្ទះឈីបថ្មីរបស់ខ្លួន នៅក្នុងទីក្រុង Penang ដែលជាផ្នែកមួយនៃគម្រោងវិនិយោគសរុបចំនួន ៧ពាន់លានដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី ដែលពួកគេធ្លាប់បានប្រកាសកាលពីបីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ការផ្អាកគម្រោងដ៏ធំនេះត្រូវបានធ្វើឡើងចំពេលមានបញ្ហាលំហូរសាច់ប្រាក់ដែលនាំឲ្យក្រុមហ៊ុន Intel ត្រូវបានបង្ខំចិត្តផ្អាកការទូទាត់ភាគលាភ និងចាប់ផ្តើមកាត់បន្ថយការងារ នៅគ្រប់កន្លែងប្រតិបត្តិការរបស់ខ្លួនជាសកល។
គួរឲ្យដឹងថាក្រុមហ៊ុន Intel ដែលបច្ចុប្បន្នមានបុគ្គលិកសរុប ១៤ ០០០ នាក់ បានប្រកាសកាត់បន្ថយបុគ្គលិកប្រហែល ១៥% ស្របតាមផែនការសកលរបស់ខ្លួន ដោយនេះមានន័យថា បុគ្គលិករបស់ Intel ជាង ១ពាន់នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងប្រឈមមុខនឹងការបាត់បង់ការងារ។
យោងតាមប្រភពមួយបានប្រាប់សារព័ត៌មាន StarBiz ថា Intel កំពុងពិចារណាឡើងវិញនូវការវិនិយោគថ្មីៗរបស់ខ្លួន មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានផ្នែកផ្សេងមួយចំនួនទៀតលើពិភពលោក ផងដែរ។
ជម្រាបជូនថា Intel បានប្រកាសសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបដំបូង ក្នុងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២១ ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគសរុបចំនួន ៧ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ខណ:រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ លោកMohamed Azmin Ali បាននិយាយថា ការវិនិយោគនេះនឹងបង្កើតការងារជាង ៤ពាន់កន្លែង នៅក្នុងប្រទេស៕