ក្រុមហ៊ុន Tower Semiconductor របស់ប្រទេសអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Adani Group របស់មហាសេដ្ឋី Gautam Adani ជុំវិញការវិនិយោគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ លើគម្រោងបន្ទះឈីប Semiconductor នៅក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញគម្រោងវិនិយោគដ៏ធំនេះ បានកើនឡើង នៅចំពេលដែលរដ្ឋាភិបាលឥណ្ឌា បាននិងកំពុងចាត់វិធានការជាច្រើនដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននៅទូទាំងពិភពលោក ឲ្យចូលមកបង្កើតរោងចក្រផលិតរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ខណ:នាយករដ្ឋមន្ត្រី លោក Narendra Modi បានបង្ហាញពីគោលបំណងចង់ឲ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏បំផុតមួយរបស់ពិភពលោក។
គួរឲ្យដឹងថា ការផលិតគ្រឿងអេឡិចត្រូនិក បានក្លាយជាការវិនិយោគចុងក្រោយបំផុតមួយ សម្រាប់មហាសេដ្ឋី លោក Gautam Adani បន្ទាប់ពីក្រុមហ៊ុនរបស់លោក កំពុងកាន់កាប់អាជីវកម្មធំៗជាច្រើននៅក្នុងដៃ រួមទាំងកំពង់ផែ រោងចក្រថាមពល ការដឹកជញ្ជូន និងការជួញដូរធ្យូងថ្ម ជាដើម។
ទន្ទឹមនឹងនេះ អភិបាលរដ្ឋ Maharashtra លោក Ehnath Shinde បាននិយាយនៅក្នុងការបង្ហោះសារមួយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គមថា គម្រោងដែលមានតម្លៃសរុបចំនួនជាង ១ទ្រីលានរូពី ត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ខណ:គម្រោងទាំងនោះនឹងបង្កើតការងារសរុបចំនួន ២៩ ០០០ នៅក្នុងរដ្ឋ៕