ធនាគារកណ្តាលចិន ផ្អាកទិញចូលមាសរយ:ពេល ៤ខែជាប់ៗគ្នា គិតនៅត្រឹមខែសីហា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្អាកការទិញចូលមាសសម្រាប់ទុកជាទុនបម្រុងរបស់ខ្លួន រយ:ពេល ៤ខែជាប់ៗគ្នា គិតនៅត្រឹមខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិន បានកាន់កាប់ទុនបម្រុងមាសសរុបចំនួន ៧២,៨​ លាន troy ounces ឬស្មើប្រហែល ២,២ ពាន់តោន គិតនៅត្រឹមខែសីហាកន្លងទៅ ខណ:តម្លៃទុនបំរុងមាសបានកើនឡើងដល់ចំនួនជាង ១៨២ពាន់លានដុល្លារ បើធៀបទៅនឹងចំនួនត្រឹម ១៧៦,៦ពាន់លានដុល្លារ នៅចុងខែកក្កដា។

គួរឲ្យដឹងថា តម្លៃមាសបាននឹងកំពុងកើនឡើងខ្លាំងនៅឆ្នាំនេះ ចំពេលមានការទន្ទឹងរង់ចាំ សហរដ្ឋអាមេរិក ដាក់ចេញវិធានការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន ខណ:ធនាគារកណ្តាលរបស់ប្រទេសនានា ក៏កំពុងព្យាយាមទិញមាសបម្រុងទុក ដោយសារតែភាពមិនច្បាស់លាស់នៃទីតាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។

តម្លៃមាសបានកើនឡើងដល់ ២១% នៅឆ្នាំនេះ ហើយកំពុងធ្លាក់ចុះវិញក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ហើយនៅមុនពេលផ្អាកការទិញនេះ ធនាគារកណ្តាលចិន បានសម្រុកទិញមាសទុក ក្នុងរយៈពេលរហូតដល់ទៅ ១៨ខែជាប់ៗគ្នា។

ជម្រាបជូនផងដែរថា ធនាគារកណ្តាលចិន គឺជាអ្នកទិញមាសដ៏ធំបំផុតមួយរបស់ពិភពលោក នៅក្នុងឆ្នាំ២០២៣ ហើយជុំវិញការសម្រេចចិត្តផ្អាកការទិញមាសនេះ ក៏ធ្វើឲ្យតម្រូវការមាសពីក្រុមវិនិយោគិនចិនធ្លាក់ចុះផងដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕