ការ​លក់​រថយន្ត​នៅក្នុងប្រទេស​ចិន បន្ត​ធ្លាក់​ចុះសម្រាប់​រយៈ​ពេល ៥ខែ​ជាប់​ៗគ្នា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការពីឧស្សាហកម្មយានយន្ត បានបង្ហាញឲ្យដឹងនៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះថា ការលក់រថយន្តប្រភេទដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះសម្រាប់រយ:ពេល ៥ខែជាប់ៗគ្នា គិតនៅត្រឹមខែសីហា បើទោះបីជាការលក់រថយន្តអគ្គិសនី និងប្រភេទកូនកាត់ Hybrid មានចំនួនកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ទិន្នន័យ​ពី​សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់ប្រទេស​ចិន​បាន​បង្ហាញ​ឲ្យដឹងទៀតថា ក្នុងខែសីហា ការ​លក់​សរុបបាន​ធ្លាក់​ចុះ ១,១% ធៀបនឹងរយ:ពេលដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​មក​នៅ​ត្រឹមចំនួន ១,៩២ លាន​គ្រឿងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្តអគ្គិសនី បានកើនឡើងដល់ជាង ៤៣% ឬស្មើនឹង ៥៣,៥% នៃការលក់រថយន្តសរុប ខណ:ត្រូវបានជំរុញដោយការលក់របស់ក្រុមហ៊ុនរថយន្តក្នុងស្រុក BYD និងក្រុមហ៊ុនគូប្រជែងរបស់សហរដ្ឋអាមេរិក Tesla។

ទន្ទឹមនឹងនេះ ការនាំចេញរថយន្តរបស់ប្រទេសចិន បានកើនឡើងដល់ ២៤%​ ផងដែរគិតនៅក្នុងខែសីហា បន្ទាប់ពីមានការកើនឡើង ២០% នៅក្នុងខែកក្កដា។

សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់ប្រទេស​ចិន​ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការធ្លាក់ចុះនៃការលក់នេះ គឺបណ្តាលមកពីតម្រូវការអ្នកប្រើប្រាស់រថយន្តក្នុងស្រុកធ្លាក់ចុះ ចំពេលរដ្ឋាភិបាលបានដាក់ចេញវិធានការលើកទឹកចិត្តដោយផ្តល់ការឧបត្ថម្ភធន សម្រាប់ការផ្លាស់ប្តូរថយន្តចាស់ៗ ជាមួយនឹងរថយន្តអគ្គិសនី ដែលជាហេតុធ្វើឲ្យការទិញរថយន្តថ្មីៗមានការធ្លាក់ចុះ៕