របាយការណ៍ពីស្ថាប័ន FBI បានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញាថា ពលរដ្ឋអាមេរិកបានចាញ់បោកអស់ប្រាក់សរុបច្រើនជាង ៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន ចំពោះអំពើកន្លែងបន្លំនៅក្នុងវិស័យ Cryptocurrency ដែលចំនួននេះកើនឡើង៤៥% បើធៀបនឹងឆ្នាំ២០២២ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។
ចំពោះហេតុផលដែលនៅពីក្រោយវាំងននខ្មៅធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន ជួបប្រទះបញ្ហាដូច្នេះ ស្ថាប័ន FBI បានលើកឡើងថា អ្នកបោកប្រាស់នឹងទាក់ទងម្តងហើយម្តងទៀត និងជាញឹកញាប់តាមរយៈកម្មវិធីណាត់ជួប ឬបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ រួចបញ្ចុះបញ្ចូលបង្កើនទំនុកចិត្តអស់រយៈពេលជាច្រើនសប្តាហ៍ ឬក៏អាចឈានដល់ច្រើនខែ តាមអ្វីដែលអាចធ្វើទៅបាន រួចក៏ផ្តល់យោបល់ឲ្យពួកគេវិនិយោគមកលើរូបិយប័ណ្ណគ្រីបតូ ដែលអាចមានឱកាសចំណេញច្រើន។ នៅពេលដែលមានការទុកចិត្ត ជនរងគ្រោះត្រូវបានគេបញ្ចុះបញ្ចូលឲ្យប្រើប្រាស់គេហទំព័រ ឬកម្មវិធីក្លែងក្លាយ ដើម្បីវិនិយោគ ហើយពេលខ្លះទៀតនោះ ដើម្បីឲ្យកាន់តែទុកចិត្ត អ្នកឆបោកបានដកប្រាក់មួយចំនួនតូច ទៅកាន់ជនរងគ្រោះ ដើម្បីឲ្យមើលឃើញថានេះជាសកម្មភាពលំហូរប្រាក់ចំណេញ។
មន្ត្រី FBI ក៏បានណែនាំផងដែរថា ជនជាតិអាមេរិកគ្រប់វ័យអាចជាគោលដៅនៃការបោកប្រាស់បែបនេះ ដូច្នេះហើយគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច នៅពេលចង់វិនិយោគទៅលើវិស័យ Cryptocurrency ដោយកុំសូវជឿទៅលើមនុស្សមិនដែលធ្លាប់បានជួបក្នុងជីវិតពិត និងមិនដឹងប្រវត្តិច្បាស់លាស់។
សូមជម្រាបថា ដោយគិតត្រឹមតែក្នុងឆ្នាំ២០២៣ ស្ថាប័ន FBI បានទទួលនូវពាក្យបណ្តឹងជិត ៧០ ០០០ករណី ដោយជនរងគ្រោះត្រូវបានគេក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹង Bitcoin, Ethereum និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ខណៈការបើកប្រាស់ដ៏រសើបបំផុត គឺជាការក្លែងបន្លំ ការវិនិយោគរបស់ពលរដ្ឋអាមេរិក អស់ទឹកប្រាក់ចំនួន ៣,៩៦ពាន់លានដុល្លារ៕