ការនាំចេញទំនិញរបស់ចិន បានបន្តកើនឡើងប្រាំខែជាប់ៗគ្នាមកហើយ ខណៈដែលវាជាសញ្ញាណមួយបង្ហាញពីតម្រូវការនៅក្រៅប្រទេស ស្របពេលការនាំចេញទំនិញរបស់តៃវ៉ាន់វិញក៏មានការកើនឡើងដូចគ្នា ក៏ប៉ុន្តែការកើនឡើងនេះនៅតែទាបជាងការនាំចេញរបស់ចិនដល់ទៅ ៧ដងឯណោះនៅខែសីហា។
សារព័ត៌មាន AP បានដកស្រង់ទិន្នន័យចេញពីការិយាល័យគយចិនថា នៅក្នុងខែសីហា ការនាំចេញទំនិញចេញពីប្រទេសចិនទៅកាន់ទីផ្សារបរទេសមានកំណើន៨,៧% កើនដល់ ៣០៨,៦៥ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ ការនាំចូលក៏មានកំណើនផងដែរ ក៏ប៉ុន្តែកើនត្រឹម០,៥% ប៉ុណ្ណោះ បើធៀបនឹងទិន្នន័យកាលពីឆ្នាំមុន។
ដោយឡែក សារព័ត៌មាន Reuters ក៏បានបង្ហាញដែរថា ការនាំចេញទំនិញពីតៃវ៉ាន់ទៅកាន់ទីផ្សារបរទេស នៅខែសីហាមានកំណើន១៦,៨% ពីមួយឆ្នាំទៅមួយឆ្នាំ កើនដល់ ៤៣,៦៤ពាន់លានដុល្លារ ស្របពេលការនាំចូលទំនិញមកកាន់ប្រទេសរបស់ខ្លួនវិញ ក៏កើនឡើងដល់១១,៨% ដល់ចំនួន ៣២,១៤ពាន់លានដុល្លារផងដែរ។
សូមជម្រាបបន្ថែមថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយការនាំចេញពីចិនទៅកាន់អាស៊ាន, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏នៅតែបន្តពង្រីកកំណើន ធៀបនឹងតួលេខកាលពីឆ្នាំមុន។ ចំណែកឯការនាំចេញរបស់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិក កើនឡើង៧៨,៥% ដល់ចំនួន ១១,៨៩ពាន់លានដុល្លារ រីឯទៅកាន់ទីផ្សារចិន កើនឡើង១% ផងដែរ៕