ប្រធានធនាគារ ADB ប្រកាសលាលែងចេញពីតំណែង នៅដើមឆ្នាំ២០២៥ ខាងមុខ

អន្តរជាតិ

ប្រធានធនាគារ​អភិវឌ្ឍអាស៊ី​ ហៅកាត់ ADB លោក Masatsugu Asakawa កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញាកន្លងទៅ បានជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិករបស់ ADB ទាំងអស់ ជុំវិញការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Asakawa បានចូលបម្រើការជាប្រធានទី១០ របស់ធនាគារ ADB ចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មក ដោយបន្តអាណត្តិពីលោក Takehiko Nakao ។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ កាលពីម្សិលមិញនេះ លោក Asakawa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”បន្ទាប់ពីបានពិចារណា និងធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នបំផុត ខ្ញុំជឿជាក់ថា វាដល់ពេលហើយដើម្បីដើរចេញពីតំណែងនេះ និងបង្កើតផ្លូវសម្រាប់ភាពជាអ្នកដឹកនាំថ្មី ជាមួយនឹងទស្សនវិស័យថ្មី និងថាមពលជាថ្មី” ។

លោកបានបន្ថែមទៀតថា៖ “តាមរយៈការប្រកាសលាលែងពីតំណែងរបស់ខ្ញុំនេះ គឺខ្ញុំមានគោលបំណងចង់ធានាឲ្យមានការផ្លាស់ប្តូរភាពជាអ្នកដឹកនាំប្រកបដោយភាពរលូន និងមានរបៀបរៀបរយ”។

ទ​ន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីកាសែត Yomiuri Shimbun បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងបង្ហាញការគាំទ្រខ្លាំង ទៅលើអតីតអ្នកការទូតហិរញ្ញវត្ថុលំដាប់កំពូលម្នាក់ គឺលោក Masato Kanda ដើម្បីធ្វើជាបេក្ខភាពសម្រាប់តំណែងជាប្រធាន ADB បន្ទាប់។

ជាមួយគ្នានេះ ខាងធនាគារ ADB ក៏និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ ADB នឹងអនុវត្តតាមដំណើរការបើកចំហ ប្រកបដោយតម្លាភាព និងផ្អែកលើគុណសម្បត្តិ ស្របតាមធម្មនុញ្ញរបស់ស្ថាប័ន៕