ការ​នាំ​ចូល​អង្ករ​របស់​ហ្វីលីពីន ​កើន​ឡើងជិត ២០% នៅក្នុង​រយៈ​ពេល​ ៨​ខែដំបូង

អន្តរជាតិ

យោងតាមទិន្នន័យពីនាយកដ្ឋានកសិកម្ម (DA) របស់ប្រទេសហ្វីលីពីន បានបង្ហាញឲ្យដឹងថា ការនាំចូលអង្ករសរុបរបស់ខ្លួន បានកើនឡើងដល់ ២,៨ លានតោន ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំនេះ ពោលគឺខ្ពស់ជាង ១៩% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) ក៏បានបង្ហាញឲ្យដឹងផងដែរថា នៅក្នុងខែសីហាតែមួយ ការនាំចូលអង្ករពីបរទេស បានកើនឡើងដល់ជិត ៣០ ម៉ឺនតោន បើធៀបនឹងចំនួនជាង ១៦ ម៉ឺនតោន ក្នុងខែកក្កដា។

របាយការណ៍ខាងលើបានបញ្ជាក់ថា ប្រទេសវៀតណាម នៅតែជាប្រភពចម្បងរបស់ហ្វីលីពីន ដោយបាននាំចូលអង្ករជាង ២ លានតោន ឬប្រហែល ៧៧% នៃការនាំចូលសរុបរបស់ហ្វីលីពីន ក្នុងអំឡុងខែមករាដល់ខែសីហា ខណ:តាមពីក្រោយដោយប្រទេសថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។

ជម្រាបជូនថា កាលពីឆ្នាំមុន ការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន មានចំនួន ៣,៦ លានតោន ធ្លាក់ចុះ ៥,៩% ពីកម្រិតខ្ពស់បំផុតចំនួន ៣,៨២ លានតោនដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២២ ខណ: DA បានព្យាករថា ការនាំចូលអង្ករសរុបសម្រាប់ឆ្នាំ២០២៤នេះ ប្រហែលជានឹងមិនលើសពីបរិមាណឆ្នាំមុននោះឡើយ៕