បំណុលគ្រួសារនៅក្នុងប្រទេសថៃ កំពុងហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

យោងតាមការស្ទង់មតិរបស់សាកវិទ្យាល័យមួយនៅក្នុងប្រទេសថៃ បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញាកន្លងទៅថា បំណុលគ្រួសារជាមធ្យមរបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារតែកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណុលជាមធ្យមក្នុងមួយគ្រួសារ គឺមានចំនួនប្រមាណជាង ៦ សែនបាត ឬជិត ១៨ ០០០ដុល្លារ ពោលគឺបានកើនឡើង ៨,៤% បើធៀបទៅនឹងឆ្នាំមុន ខណ:ចំនួននេះគឺជាកម្រិតបំណុលជាមធ្យមខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការស្ទង់មតិដំបូងត្រូវបានធ្វើឡើង នៅក្នុងឆ្នាំ២០០៩ មក។ នេះបើយោងតាមការស្ទង់មតិធ្វើដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ នៅដើមខែកញ្ញានេះ។

គួរឲ្យដឹងផងដែរថា កន្លងមកទាំងរដ្ឋាភិបាល និងធនាគារកណ្តាលរបស់ថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលគ្រួសារនៅក្នុងប្រទេស ដែលបានកើនឡើងដល់ចំនួន ១៦,៤ទ្រីលានបាត (៤៨៤ពាន់លានដុល្លារ) ឬស្មើទៅនឹង ៩០,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមនៅចុងខែមីនា ឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតក្នុងតំបន់អាស៊ី។

ជុំវិញបញ្ហានេះ លោក Thanavath Phonvichai ប្រធាន​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មានមួយ​ថា​៖ “​យើង​បាន​ប្រឈម​មុខនឹង​បញ្ហា​បំណុល​ជា​យូរ​មក​ហើយ ដូច្នេះហើយ​យើង​មិន​អាច​ដោះស្រាយ​អ្វី​បាននោះ​ទេ​”។

ទន្ទឹមនឹងនេះ លោក Thanavath បានបន្ថែមទៀតថា ក្នុងចំណោមបំណុលជាមធ្យម ៣០% គឺជាប្រាក់កម្ចីក្រៅផ្លូវការ ដោយកើនឡើងប្រហែល ២០% ពីឆ្នាំ២០២៣ ដោយសារតែធនាគារបានរឹតបន្តឹងទៅលើកម្ចីឥណទាន៕