Amazon Web Services (AWS) ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ Amazon បាននិយាយនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះថា ខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ ៨ពាន់លានផោន (១០,៤ពាន់លានដុល្លារ) សម្រាប់ការវិនិយោគនៅចក្រភពអង់គ្លេស ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីសាងសង់ ធ្វើប្រតិបត្តិការ និងជួសជុលមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន AWS រំពឹងថាគម្រោងវិនិយោគដ៏ធំនេះ នឹងអាចចូលរួមចំណែកក្នុងការផ្តល់ទឹកប្រាក់ ១៤ពាន់លានផោន ទៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នៅចុងឆ្នាំ២០២៨ ជាមួយនឹងការជួយបន្ថែមការងារជាង ១៤ ពាន់កន្លែង នៅក្នុងអាជីវកម្មរបស់ចក្រភពអង់គ្លេស ផងដែរ។
គួរឲ្យដឹងផងដែរថា គម្រោងនេះបានតំណាងឲ្យការបោះជំហានក្នុងល្បឿនយ៉ាងលឿននៃការវិនិយោគរបស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសអង់គ្លេស ខណ:ចាប់តាំងពីឆ្នាំ២០២២ មក AWS បានបណ្តាក់ទុនសរុបចំនួន ៣ពាន់លានផោនរួមមកហើយ សម្រាប់ការសាងសង់រោងចក្រ ទាំងក្នុងទីក្រុងឡុងដ៍ និងទីក្រុង Manchester ។
ជម្រាបថា AWS បាននិងកំពុងវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើន នៅទូទាំងទ្វីបអឺរ៉ុប ដោយពួកគេបានប្រកាសពីការវិនិយោគចំនួនជាង ១៥ពាន់លានអឺរ៉ូ នៅក្នុងប្រទេសអេស្ប៉ាញកាលពីដើមឆ្នាំនេះ និង ៧,៨ពាន់លានអឺរ៉ូផ្សេងទៀត នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ៕