រុស្ស៊ី គ្រោងចាយលុយជាងកន្លះពាន់លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត

អន្តរជាតិ

ក្រសួងអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ គ្រោងនឹងបែងចែកទឹកប្រាក់ជិត ៦០ពាន់លានរូបល (៦៦០លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីកែលម្អ និងពង្រឹងបន្ថែមទៅលើប្រព័ន្ធ​សុវត្ថិភាព​តាមអ៊ីនធឺណិត ស្របតាមសំណើរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រព័ន្ធសុវត្ថិភាពនេះ ត្រូវបានគេឲ្យឈ្មោះថា TSPU ដែលជាឧបករណ៍សម្រាប់ធ្វើការគ្រប់គ្រងរាល់សកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុកដែលត្រូវបានបង្កើតឡើង ចែកចាយ និងគ្រប់គ្រងដោយនិយតករទំនាក់ទំនងរដ្ឋ Roskomnadzor ។

ចំពោះទឹកប្រាក់សម្រាប់គម្រោងនេះ នឹងត្រូវទាញចេញពីថវិកាសហព័ន្ធរបស់រុស្ស៊ី ចន្លោះឆ្នាំ២០២៥ និង២០៣០ ដើម្បីទិញឧបករណ៍ និងកម្មវិធីថ្មីសម្រាប់ TSPU ក៏ដូចជាពង្រីកសមត្ថភាពរបស់ខ្លួនជាមួយនឹងការបង្កើតឧបករណ៍​សុវត្ថិភាព​​ថ្មី និងធ្វើបច្ចុប្បន្នភាពលើឧបករណ៍ដែលមានស្រាប់។

ជម្រាបជូនថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងផ្តល់អាទិភាពកាន់តែខ្លាំង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថភាពលើអ៊ីនធឺណិតរបស់ខ្លួន ចំពេលមានការបង្ក្រាបទ្រង់ទ្រាយធំលើការបញ្ចេញមតិដោយសេរីដែលជំរុញដោយការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីក្នុងឆ្នាំ២០២២ មក៕