យោងតាមបទបញ្ជាមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុឥណ្ឌា បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំឡើងពន្ធដល់ ៣០% លើការនាំចូលផលិតដែកមួយចំនួនពីប្រទេសចិន និងវៀតណាម ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងការពារឧស្សាហកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Times of India។
បទបញ្ជាដែលបានប្រកាសចេញកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ បានបញ្ជាក់ទៀតថា ការនាំចូលផលិតផលដែកមួយចំនួនរបស់ចិន និងវៀតណាម ដូចជាដែកអ៊ីណុក និងដែកបំពង់ នឹងត្រូវយកពន្ធច្រើនជាងមុន នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់។
គួរឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន នៅតែបន្តមានភាពតានតឹង ចាប់តាំងពីយោធារបស់ប្រទេសទាំងពីរធ្លាប់ប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែនហិមាល័យ ក្នុងឆ្នាំ២០២០ ដែលជំរុញឲ្យរដ្ឋាភិបាលទីក្រុងញូវដេលី ចាប់ផ្តើមរឹតបន្តឹងការត្រួតពិនិត្យកាន់ខ្លាំងឡើងលើការវិនិយោគ និងបញ្ឈប់គម្រោងធំៗរបស់ប្រទេសចិនមួយចំនួនរួចមកហើយ។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃអង្គារ បាននិយាយថា ឥណ្ឌានឹងមិនបិទអាជីវកម្មពីប្រទេសចិនទាំងស្រុងនោះទេ ប៉ុន្តែបញ្ហាគឺថាស្ថិតនៅលើផ្នែកណា និងលើលក្ខខណ្ឌអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់មកធ្វើអាជីវកម្មប៉ុណ្នោះ។
ជម្រាបជូនផងដែរថា កាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលឥណ្ឌា បានចាប់ផ្តើមបើកការស៊ើបអង្កេតប្រឆាំងទៅនឹងការលក់បង្ខូចតម្លៃទំនិញ ជុំវិញការនាំចូលផលិតដែកមួយចំនួន ពីប្រទេសវៀតណាមផងដែរ៕