Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ទូរទស្សន៍ និងបន្ទះឈីបមេម៉ូរីលំដាប់កំពូលរបស់ពិភពលោក កំពុងប្រកាសកាត់បន្ថយបុគ្គលិកនៅខាងក្រៅប្រទេស រហូតដល់ ៣០% នៅក្នុងផ្នែកការងារមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែល បាននិយាយទៀតថាក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង បានណែនាំដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅទូទាំងពិភពលោក ឲ្យកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥% និងបុគ្គលិកផ្នែករដ្ឋបាល រហូតដល់ ៣០%។
ជុំវិញផែនការកាត់បន្ថយនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ ខណ:វាត្រូវបានគេយល់ឃើញថានឹងប៉ះពាល់ដល់ការងារនៅទូទាំងសហរដ្ឋអាមេរិក តំបន់អឺរ៉ុប អាស៊ី និងអាហ្រ្វិកផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បាននិយាយថា ការកាត់បន្ថយកម្លាំងពលកម្មដែលធ្វើឡើងនៅប្រតិបត្តិការខាងក្រៅប្រទេស គឺជាទម្លាប់របស់ក្រុមហ៊ុន ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពអាជីវកម្មបន្ថែមទៀត។
ជម្រាបជូនថា ក្រុមហ៊ុន Samsung មានបុគ្គលិកសរុបចំនួន ២៦៧ ៨០០ នាក់គិតត្រឹមដំណាច់ឆ្នាំ២០២៣ ហើយជាងពាក់កណ្តាលនៃចំនួនសរុប ឬស្មើទៅនឹង ១៤៧ ០០០ នាក់ គឺជាបុគ្គលិកនៅខាងក្រៅប្រទេស៕