ព្រះនាង Sheikha Mahra Bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់ស្តេចនៃទីក្រុងឌុយបៃ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានបញ្ចេញទឹកអប់ថ្មីមួយដែលមានឈ្មោះថា ‘Divorce’ ឬមានន័យថា ‘លែងលះ’ បន្ទាប់ពីព្រះនាងបានប្រកាសចែកផ្លូវគ្នាជាមួយព្រះស្វាមីកាលពីពេលថ្មីៗកន្លងទៅ។
យោងតាមសារព័ត៌មាន Daily Mail បានបង្ហាញឲ្យដឹងថា ទឹកអប់ថ្មីឈ្មោះ ‘Divorce’ នេះ ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងឃ្លីបវីដេអូផ្សព្វផ្សាយខ្លីមួយដែលស្ថិតនៅក្រោមម៉ាកយីហោ Mahra M1។
ទន្ទឹមនឹងនេះ ព្រះនាង Sheikha Mahra ក៏បានធ្វើការចែករំលែកវីដេអូផ្សព្វផ្សាយទឹកអប់ថ្មីនេះ នៅលើគណនី Instagram ដែលមានអ្នកចុះតាមដានជិត ១ លាននាក់របស់ទ្រង់ ផងដែរ។
ក្រោយការប្រកាសចេញទឹកអប់ដែលភ្ជាប់ទៅនឹងឈ្នោះ ‘លែងលះ’ នេះ អ្នកគាំទ្របានភ្ជាប់ទៅនឹងរឿងរ៉ាវពីក្រោយបែកបាក់របស់ព្រះនាង Sheikha Mahra និងព្រះស្វាមី Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ដែលបានប្រកាសលែងលះកាលពីខែកក្កដា ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីគូស្នេហ៍ទាំងពីរបានស្វាគមន៍បុត្រដំបូង។
ជម្រាបជូនថា ព្រះនាង Sheikha Mahra ព្រះជន្ម ៣០ព្រះវស្សា គឺជាបុត្រម្នាក់ក្នុងចំណោមបុត្រទាំង ២៦ របស់ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ដែលមានតួនាទីជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីរបស់ទីក្រុងឌុយបៃ។
ដោយឡែកសម្រាប់ព្រះអង្គម្ចាស់ Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ព្រះជន្ម ២៦ព្រះវស្សា គឺជាសហគ្រិនដ៏លេចធ្លោបំផុតម្នាក់ដែលបានកាន់កាប់ក្រុមហ៊ុន និងការបណ្តាក់ទុនជាច្រើន នៅក្នុងទីក្រុងឌុយបៃ៕