ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក កើនឡើងដល់ ២០% នៅក្នុងខែសីហា

អន្តរជាតិ

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បានបង្ហាញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញាថា ការលក់រថយន្តអគ្គិសនី និងប្រភេទកូនកាត់ Hybrid បានកើនឡើង ២០% នៅក្នុងខែសីហា​ ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែត្រូវបានជំរុញដោយការលក់កើនឡើងខ្ពស់បំផុតនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យរបស់ Rho Motion បានបង្ហាញឲ្យដឹងទៀតថាទាំងរថយន្តអគ្គីសនីពេញលេញ ឬប្រភេទកូនកាត់ Hybrid (PHEVs) ការលក់នៅទូទាំងពិភពលោក បានឈានដល់ចំនួន ១,៤៧ លាននៅក្នុងខែសីហា។

តម្រូវការរថយន្តអគ្គិសនី ហាក់បានធ្លាក់ចុះវិញបន្តិចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយសារអ្នកប្រើប្រាស់កំពុងរង់ចាំការចេញម៉ូដែលថ្មីដែលមានតម្លៃសមរម្យ ឬជាជម្រើសកូនកាត់។

គួរឲ្យដឹងថា ការលក់នៅក្នុងប្រទេសចិន បានកើនឡើង ៤២% នៅក្នុងខែសីហា និងឈានដល់កម្រិតខ្ពស់បំផុតដល់ចំនួនជាងមួយលានគ្រឿង ខណៈការលក់នៅសហរដ្ឋអាមេរិក និងកាណាដា បានកើនឡើង ៨% ដល់ ០,១៦ លានគ្រឿង។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បានបង្ហាញក្តីរំពឹងថាការលក់សរុបនៅឆ្នាំនេះ ក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក នឹងកើនឡើងមួយភាគបីធៀបនឹងឆ្នាំមុន ដល់ចំនួន ១០,៥ លានគ្រឿង ខណៈពេលដែលការលក់នៅតំបន់អឺរ៉ុប អាចនឹងប្រហាក់ប្រហែលនឹងចំនួន ៣,១ លានគ្រឿង ដែលបានកត់ត្រាកាលពីឆ្នាំមុន៕