ម្ចាស់ក្រុមហ៊ុន TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យដាច់គេនៅចិន

អន្តរជាតិ

សហស្ថាបនិកនៃក្រុមហ៊ុន ByteDance ដែលជាម្ចាស់បណ្តាញសង្គមដ៏ល្បីល្បាញរបស់ចិន TikTok លោក Zhang Yiming បានកា្លយជាមហាសេដ្ឋីមានដាច់គេបង្អស់នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិរបស់លោកបានកើនដល់ទៅប្រមាណ ៤៥,៦ពាន់លានដុល្លារ បន្ទាប់ពីវ៉ាដាច់ទ្រព្យសម្បត្តិលោក Zhong Shanshan ដែលមានត្រឹមតែ ៤៣,៣ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យចេញផ្សាយដោយទស្សនាវដ្តី Forbes ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Zhang Yiming

ថ្វីត្បិតថា លោក Zhang Yiming បានលាលែងចេញពីតំណែងជាប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ByteDance កាលពីអំឡុងឆ្នាំ២០២១ក្តី ក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃមានការប្រែប្រួលជានិច្ច ដោយសារតែមហាសេដ្ឋីមានវ័យ ៤០ឆ្នាំរូបនេះ ក៏មានចំណែកភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ByteDance ផងដែរ។

លោក Zhong Shanshan

គួរឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនផលិតភេសជ្ជៈ Nongfu Spring លោក Zhong Shanshan គឺជាអតីតមហាសេដ្ឋីមានដាច់គេបង្អស់នៅចិនរយៈពេលបីឆ្នាំជាប់ៗគ្នា ក៏ប៉ុន្តែបានធ្លាក់មកនៅត្រឹមលេខរៀងទីពីរវិញ បន្ទាប់ពីមានបញ្ហាមួយចំនួនទាក់ទងនឹងការពង្រីកអាជីវកម្ម Nongfu Spring របស់ខ្លួន។ ម្យ៉ាងវិញទៀត សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនមហាសេដ្ឋីវ័យ ៦៩ឆ្នាំនៅផ្សារហ៊ុនហុងកុង បានធ្លាក់ចុះ៧,៥%  ចាប់តាំងពីការរាយការណ៍នូវលទ្ធផលបណ្តោះអាសន្ននាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងនៅអំឡុងពេលដែលលោក Zhong ខាតបង់ប្រាក់អស់ ៤,៤ពាន់លានដុល្លារ ដោយសារតែការលក់ទឹកសុទ្ធមានសញ្ញាណថយចុះ១៨,៥% ៕