មេធំ Evergrande ត្រូវបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំងពិសេសនៅទីក្រុង Shenzhen ក្រោយបាត់ដំណឹងអស់ ១ឆ្នាំ

អន្តរជាតិ

លោក Hui Ka Yan ប្រធានក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតរបស់ប្រទេសចិន ត្រូវបានគេផ្លាស់ប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុង Shenzhen បន្ទាប់ពីបាត់ដំណឹងអស់ពេលជាយូរ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hui វ័យ ៦៥ឆ្នាំ មិនត្រូវបានគេប្រទះឃើញជាសាធារណ:នោះឡើយ ចាប់តាំងពីត្រូវបានអាជ្ញាធរចិន ចាប់ឃាត់ខ្លួនកាលពីមួយឆ្នាំមុន និងមិនត្រូវបានគេទម្លាយឲ្យដឹងពីកន្លែងលាក់ខ្លួនរបស់លោកនោះឡើយ។

គួរឲ្យដឹងការចាប់ឃាត់ខ្លួននេះ ត្រូវបានកើតឡើង បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande បានបំប៉ោងប្រាក់ចំណូល និងបានក្លែងបន្លំមូលបត្រ ដោយការចោទប្រកាន់នេះ ធ្វើឲ្យលោក Hui ត្រូវរងពិន័យជាប្រាក់ចំនួន ៦,៦លានដុល្លារ កាលពីក្នុងខែមីនា និងត្រូវបានរារាំងពីទីផ្សារហិរញ្ញវត្ថុចិនអស់មួយជីវិត ស្របពេលក្រុមហ៊ុន Evergrande ក៏ត្រូវ​បាន​បញ្ជាឲ្យរំលាយចោល ​ផងដែរ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់បំផុត បន្ទាប់ពីមានការចាប់ខ្លួន។ ហើយក្នុងពេលថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា លោក Hui ត្រូវបានផ្ទេរទៅកាន់ទីក្រុង Shenzhen កាលពីប៉ុន្មានខែមុន ដើម្បីអនុញ្ញាតឲ្យលោកមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Evergrande ផ្សេងទៀត ក្នុងការដោះស្រាយបំណុលឲ្យបានកាន់តែចាប់តាមដែលអាចធ្វើបាន។

ជម្រាបជូនថា លោក Hui បានបង្កើតក្រុមហ៊ុន Evergrande ដំបូងក្នុងឆ្នាំ១៩៩៦ ដោយបានប្រែក្លាយវាទៅជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិនទាក់ទងនឹងការលក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២១ ក្រុមហ៊ុននេះ បានផុងខ្លួនចូលក្នុងវិបត្តិបំណុលដល់ ៣០០ពាន់លានដុល្លារ ដែលជាហេតុធ្វើឲ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិនទាំងមូល ធ្លាក់ចុះខ្លាំងផងដែរ៕