ក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុលំដាប់កំពូលមួយរបស់ពិភពលោក Mastercard បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញាកន្លងទៅថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Recorded Future នៅក្នុងតម្លៃប្រមាណ ២,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Cyberscoop។
លោក Craig Vosburg ប្រធានផ្នែកសេវាកម្មនៅក្រុមហ៊ុន Mastercard បាននិយាយនៅក្នុងសេចក្តីប្រកាសនេះថា ៖” Recorded Future និងជួយបន្ថែមនូវទំនុកចិត្តសម្រាប់អតិថិជនរបស់យើងកាន់តែច្រើនជាងមុន ទាំងកំឡុងពេល និងក្រោយពេលធ្វើប្រតិបត្តិការទូទាត់”។
លោក Craig បានបន្ថែមឲ្យដឹងទៀតថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងអាចបង្កើតអ្វីថ្មីកាន់តែលឿន និងឆ្លាតវៃជាងមុន រួមទាំងអាចមើលឃើញមុនអំពីការគំរាមកំហែងដែលកំពុងកើតឡើង ក៏ដូចជាមុនពេលការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតអាចកើតឡើង ក្នុងអំឡុងពេលទូទាត់សាច់ប្រាក់។
ទន្ទឹមនឹងនេះ Mastercard បានកត់សម្គាល់ឃើញថា Recorded Future គឺជាក្រុមហ៊ុនផ្តល់សន្តិសុខតាមអ៊ីនធឺណិតដ៏ល្បីបំផុតមួយលើពិភពលោក ដែលមានអតិថិជនអន្តរជាតិជាង ១ ៩០០ រួមទាំងរដ្ឋាភិបាលចំនួន ៤៥ និងក្រុមហ៊ុនទ្រព្យសកម្មជាច្រើនទៀតផងដែរ៕