រដ្ឋាភិបាលប្រទេសវៀតណាម កំពុងពិចារណាលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ

អន្តរជាតិ

យោងតាមឯកសារមួយរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមស៊ើបអង្កេតចំពោះការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាដល់សន្តិសុខថាមពលជាតិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វៀតណាម ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់មួយដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល ប៉ុន្តែក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ខ្លួនកំពុងស្វែងរកការជំរុញផលិតកម្មថាមពលស្អាតជំនួសវិញ ដើម្បីសម្រេចបាននូវគោលដៅកាបូនសូន្យនៅត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះ យោងតាមឯកសារមួយដែលបានចុះកាលពីថ្ងៃទី១២ ខែកញ្ញា បានបង្ហាញថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងធ្វើការស្រាវជ្រាវលើបទពិសោធនៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ប្រទេសផ្សេងៗ និងធ្វើសំណើរដើម្បីទទួលបានការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ នៅវៀតណាម។

ឯកសារដដែលនេះបាននិយាយទៀតថា វៀតណាមមានគោលដៅបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនចន្លោះពី ១២% ទៅ ១៥% ក្នុងមួយឆ្នាំ ដើម្បីធានាបាននូវសន្តិសុខថាមពលជាតិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ផងដែរ។

ជម្រាបជូនថា សំណើនៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរនេះ នឹងត្រូវដាក់ជូនការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដើម្បីត្រួតពិនិត្យ៕